Ad Code

អ្នកចាំទី ស៊ូ យ៉ា​ទី ថា​មុខរបួស​ត្រង់​ដៃ​ខ្លួន​នៅ​មិនទាន់​ជា​ដាច់​ក្រោយ​បង្ហាញខ្លួន​លើ​ទីលាន​ឡើងវិញ



​អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ជួយ​ក្រុម​ណាហ្គា​វើល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៨ បានបង្ហាញ​ខ្លួន​លើ​ទីលាន​ឡើងវិញ​កាល​ពី​ពេល​ថ្មីៗ ពោលគឺ​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​រវាង​ក្រុម Cambodia All Stars ជាមួយ​ក្រុម SCG Muangthong United បន្ទាប់​ក្រោយ​សម្រាក​ព្យាបាល​របួស​ប្រេះ​ឆ្ពឹ​ង​ដៃ​ខាងឆ្វេង​កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ​។



កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ ក្រោយ​ប្រកួត​ថ្មីៗ​នេះ​ថា «​និយាយ​ទៅ បើ​គិត​លើ​របួស​សឹង​ថា​ជា​១០០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​យើង​ធ្លាប់​របួស​អញ្ចឹង យើង​ចេះ​តែ​មាន​អារម្មណ៍​មួយ​ស្រៀវៗ​ខ្លាចៗ បារម្ភ​ក្រែង​ត្រូវរបួស​ចាស់​ហ្នឹង​ម្ដងទៀត​។ រាល់ថ្ងៃ​ពេល​ហាត់ ឬ ប្រកួត​អីហ្នឹង ខ្ញុំ​ប្រយ័ត្ន​ខ្លាំង​ដែរ ទាំង​ការ​រុំ​ដៃ​ឲ្យ​បាន​ល្អ និង ការពារ​ខ្លួន​ពេល​គេ​ទាត់​ម្ដងៗ​»​។ កីឡាករ​រូបនេះ​ស​ង្ឍឹ​ម​ថា​រូបគេ​នឹង​ព្យាយាម​សម្រួល​ផ្លូវចិត្ត​ឲ្យ​បាន​ប្រសើរ ដើម្បី​ជា​ទំនុកចិត្ត​ក្នុងការ​បង្ហាញខ្លួន​លើ​ទីលាន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​មកដល់​។

កីឡាករ ស៊ូ យ៉ា​ទី ទើបតែ​ជា​ពីរ​បួស​រហែក​សាច់ដុំ​ក្រោយ​ធ្វើដំណើរ​ទៅដល់​ណាហ្គា​វើ​ល កាលពី​ខែកក្កដា មុននឹង​ជួប​បញ្ហា​របួស​ប្រេះ​ឆ្អឹង​ដៃ​ខាងឆ្វេង​នេះ នៅ​ចុងឆ្នាំ​២០១៨​កន្លងទៅ​។​រូបគេ​បាន​ចាប់​អាជីព​ជា​អ្នកចាំទី​ដំបូង​ជាមួយ​ក្រុម​បៀ​ល​ប្រាយ នៅ​ឆ្នាំ​២០១៦​ដល់​២០០៧ ខណៈ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៣ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ និង​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ចូលរួម​ជាមួយ​បឹងកេត​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឈុត U22 ដល់​ឈុត​ធំ​ផងដែរ​។

មុន​មានការ​វិវត្តន៍​អាជីព​របស់ខ្លួន​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ ស៊ូ យ៉ា​ទី ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១០ ជាមួយ​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៤ ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​បឹងកេត​ម្តង​។ នៅ​ឆ្នាំ​២០១៥ គេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2015 Mekong Club Championship ជាមួយ​បឹងកេត ក្រោយ​ចាញ់​ក្រុម​ថៃ Buriram United ១​ទល់​០​។ ចំណែក​ពានរង្វាន់​ឯកត្តជន​វិញ​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ និង​២០១៧ ផងដែរ ខណៈ​ក្នុង​ពាន 2015 Mekong Club Championship ឈ្នះ​ស្រោមដៃ​មាស​ដូចគ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu