Ad Code

ករណី​អំពើ​ហិង្សា​នៅ​ខេត្ត​ព្រះសីហនុ​ ៖ នាយករដ្ឋមន្ត្រី​សម្រេច​ឲ្យ​ក្រសួងកសិកម្ម​និរាករណ៍​សេចក្ដីស្នើសុំ​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ទាំង​១៩​មក​ជា​ដី​រដ្ឋ​វិញ



ភ្នំពេញ​ ៖ ករណី​អនុវត្ត​ដីកា​យក​ដី​រដ្ឋ​ទៅ​ឲ្យ​ឧកញ៉ា ក្លាយទៅជា​អំពើ​ហិង្សា​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នោះ ឥឡូវនេះ នាយករដ្ឋមន្ត្រី​សម្រេច​ឲ្យ​ក្រសួងកសិកម្ម​ធ្វើការ​និរាករណ៍​សេចក្ដី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ទាំង​១៩​មក​ជា​ដី​រដ្ឋ​វិញ​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​អះអាង​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ថា យុត្តិធម៌​ពិតជា​មាន បន្ទាប់ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ រកឃើញ​តម្រុយ​ថា ករណី​សាលាខេត្ត​ព្រះសីហនុ​អនុវត្តន៍​សាលដីកា​តុលាការ​ខុស​ប្រក្រតី រហូត​នាំ​ឲ្យ​មាន​ការប្រើ​កម្លាំងប្រដាប់អាវុធ និង​ទាហាន​សរុប​៣០០​នាក់ ឈាន​ដល់​ថ្នាក់​វាយ​សំពង បាញ់​ពលរដ្ឋ​ឲ្យ​រងគ្រោះ​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​យក​ដី “​រដ្ឋ​” អោយ​ឧកញ៉ា នឹង​មន្ត្រី​ធំ​នៅ​ពីក្រោយ​ចាំ​ស្រូប​ផល​ប្រ​យោជន៍​នោះ ឥលូវ​នេះ​សម្ដេច​តេ​ជោ​បានសម្រេច​ណែ​នាំ​ឲ្យ​ក្រសួងកសិកម្ម​ធ្វើការ​និរាករណ៍​សេចក្ដី​ស្នើសុំ​ឆ្វៀល​ដី​នោះ មក​ជា​ដី​រដ្ឋ​វិញ​ហើយ​។ បានន័យថា ដី​នោះ​ជា​ដី​រដ្ឋ ដែល​គេ​បង្កើត​ស្ថានការណ៍​ជំលោះ​ដីធ្លី​ឈ្លោះ​ដណ្ដើម​ដី​រដ្ឋ ហើយ​តុលាការ​សម្រេច ដោយ​ឈរ​លើ​ឯកសារ​គតិយុត្តិ​មិន​ប្រក្រតី ក្នុង​ការ​កាត់​ដី​រដ្ឋ ឲ្យ​ឯកជន ដែល​ដើមបណ្ដឹង​មិនមែន​ជា​អាជ្ញាធរ​រដ្ឋ​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ករណីនេះ​លោក​បាន​តាមដាន​ជិត​៤​ខែ​មក​ហើយ រហូត​ដល់ពេល​អនុវត្ត​ន៍​សាលដីកា លោក​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់ ឈាន​ដល់​ទទួល​បាន​ពន្លឺ តម្រុយ និង​ភស្តុតាង​មួយចំនួន រៀប​ជា​របាយការណ៍​២​លើក សរុប​ចំនួន​៧ ទំព័រ​ដាក់​ជូន​រាជរដ្ឋាភិបាល និង​ជជែក​ក្នុង​អង្គប្រជុំ​ដេញដោល​ជាមួយ​ក្រសួងមហាផ្ទៃ​លើ​ករណីនេះ យ៉ាង​ស្វិតស្វាញ​បំផុត​ហើយ​លោក​អបអរ​ចំពោះ​លទ្ធផល​នេះ តែ​លោក​ទន្ទឹង​រង់ចាំ​ចំពោះ​ការអនុវត្តន​ច្បាប់​បន្ថែម​ទៀត លើ​ក្រុម​បុគ្គល​ជា​ប្រព័ន្ធ ដែល​អាង​អំណាច​ឃុបឃិត​គ្នា​យក​ដី​រដ្ឋ​ទាំងនេះ​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ធ្លាប់​បាន​បញ្ជាក់​ថា ករណី​ចុះ​អនុវត្តន៍​សាលដីកា​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ឈាន​ដល់​អំពើហិង្សា​នេះ ទី​១, ករណីនេះ​មាន​ភាព​មិន​ប្រក្រតី​នៅ​ត្រង់ចំណុច ចុះ​អនុវត្តន៍​សាលដីកា យ៉ាង​តក់ក្រហល់ ដែល​ប្រើប្រាស់​យោធា​បន្ថែម​១០០​នាក់ ខណៈ​ដែល​យោធា មិនមែន​ជា​សមត្ថកិច្ច​យុត្តិធម៌ ជាពិសេស​នីតិវិធី​ក្នុង​ការ​អនុវត្តន៍​សាលដីកា​គឺ​មាន​ភាពមិន​ទាន់​សម​ស្រប​។

ទី​២, ជាការ​អនុវត្តន៍​ការងារ​ខុសច្បាប់​ជាន់​លើ​ខុសច្បាប់ ព្រោះ​ដី​នៅ​ចំណុច​អនុវត្ត​សាលដីកា​នោះ​ជា​ដី​របស់​រដ្ឋ​ឋិត​ក្នុង​គម្រប​ព្រៃ​ឆ្នាំ​២០០២ មិនមែន​របស់​បុគ្គល​ណាមួយ​ទេ ករណីនេះ គឺ​មាន​បុគ្គល​មានអំណាច​នៅ​ពីក្រោយ ដើម្បី​បង្កើត​រូបភាព​ជំលោះ ឈ្លោះ​គ្នា​ដណ្ដើមយក​ដី​រដ្ឋ ដោយ​យក​ឯកសារ​ខុសច្បាប់ ជា​ឯកសារ​ដែល​បាន​និរាករណ៍​រួច​គ្មាន​សុពលភាព​លើ​ផ្លូវ​ច្បាប់​ទៅ​ប្ដឹង ជាពិសេស​តុលាការ​កាត់ក្ដី​បែងចែក​ដី​រដ្ឋ​ទៅ​ឲ្យ​បុគ្គល ខណៈ​ដែល​ដើមបណ្ដឹង​មិនមែនជា​ស្ថាប័នរដ្ឋ ហើយ​ករណីនេះ​បង្ហាញថា សាលាខេត្ត​ចូលរួម​អនុវត្តន៍​សាលដីកា​ខុស​លើ​ខុស ដោយ​មិន​ជួយ​ការពារ​ដី​របស់​រដ្ឋ​។

ទី​៣, ករណីនេះ​ពិតជា​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឈាន​ដល់​ការ​រង​គ្រោះ​ដោយ​អាវុធ ហើយ​មាន​រូបភាព​ព្រៃផ្សៃ រំលោភសិទ្ធិ​មនុស្ស ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​នយោបាយ​អន្តរជាតិ ដែល​បង្កើត​រូបភាព​ស្មុគស្មាញ​មុន​ពេល​ប្រតិភូ​កម្ពុជា​ទៅ​ទីក្រុង​ហ្សឺ​ណេ​វ ដើម្បី​ថ្លែងការណ៍​ការពារ​បរទេស​ចោទ​លាប​ពណ៌​កម្ពុជា​លើ​បញ្ហា​សិទ្ធិមនុស្ស​។

ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត ក្រុមការងារ​គណបក្ស​ខ្មែរ​ក្រោក ដែល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បាន​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត ដែល​ថ្លើមធំ វាស់វែង​ដី​រដ្ឋ ជា​ដី​ឡូ​តិ៍ ទិញ​លក់​យ៉ាង​អានាធិបតេយ្យ​បំផុត ខណៈ​ដែល​ដី​នោះ​នៅ​ជា​ដី​រដ្ឋ​នៅឡើយ ដោយ​ពុំមាន​ឯកសារ​គតិយុត្តិ​ណា​បង្ហាញ​ជា​ផ្លូវការ លើ​ការ​ឆ្វៀល​ផ្ដល់​ឲ្យ​ឯកជន​នោះទេ​។

ទាក់ទង​បញ្ហា​នេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ ដោយ​ធ្វើការ​ព្រមាន​ចំពោះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​ចុះ​អនុវត្ត​ដីការ​របស់​តុលាការ ហើយ​ប្រើ​កម្លាំងយោធា ដែល​ជា​រឿង​ខុស​ធ្ងន់​។ សម្តេច​បាន​អះអាងថា ការអនុវត្ត​ដីកា ដោយ​ប្រើ​កម្លាំង​ប៉ូលិស កម្លាំង​អាវុធហត្ថ គឺជា​រឿង​ត្រឹមត្រូវ​ហើយ តែបើ​ប្រើ​កម្លាំងយោធា មិន​ត្រឹមត្រូវ​ទេ ហើយ​សម្តេច​ថា បញ្ហា​នេះ ធ្លាប់​បានកើត​មាននៅ​២​ខេត្តហើយ គឺ​មួយទៀត​នៅ​ខេត្តក្រចេះ​។

សម្តេច​ក្រឡាហោម​បញ្ជាក់​យ៉ាងនេះ​ថា “​យើង​ជា​អ្នក​អនុវត្ត​ច្បាប់ ត្រូវតែ​ចេះ​ច្បាប់ ហើយ​បើ​យើង​អ្នកអនុវត្ត​ច្បាប់ មិនចេះ​ច្បាប់ មិន​ត្រូវ​ទេ ហើយ​បើ​យើង​អ្នកអនុវត្ត​ច្បាប់ ទៅ​ការពារ​អ្នក​ខុស វា​មិនមែន​ជា​អ្នកច្បាប់​ទេ តែ​វា​ជា​អ្នកការពារ​បុគ្គល​ខុស​។ មហាផ្ទៃ គឺ​និយាយ​អំពី​ច្បាប់ បើ​មិន​បាន​គិត​ច្បាប់​ជាមុន​ទេ គឺ​ខុស​ឥឡូវ ទា​ហរ​ណ៍​ដូច​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​មុននេះ ដោះស្រាយ​រឿង​ដី ចង់​និយាយថា យើង​ជា​អ្នកច្បាប់ រដ្ឋបាល​ផង ជា​អ្នកច្បាប់​ផង ត្រូវតែ​ដឹង គាត់​យក​កម្លាំង​អនុវត្ត​ច្បាប់ នគរបាល ប៉េអិម​ត្រូវ​ហើយ តែ​គាត់​ទៅ​យក​កម្លាំងយោធា​ខុស ខុស​ហើយ គេ​មិន​យក​កម្លាំងយោធា​ទៅ​អនុវត្ត​ដីកា​ទេ រឿង​កើត​នៅ​ក្រចេះ​មួយ នៅ​ខេត្ត​ព្រះសីហនុ​មួយ ចឹ​ង​មានន័យថា យើង​រដ្ឋបាល​ខេត្ត​ប៉ុណ្ណា​ណី យើង​អត់​ដឹង​ច្បាប់ នេះ​ប្រយ័ត្ន​ខេត្ត​ផ្សេងទៀត យក​កម្លាំងយោធា​ទៅ​អនុវត្ត​ទៀត ខុស​ទៀត មន្ត្រី​អនុវត្ត​ច្បាប់​មានតែ​នគរបាល កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា ហើយ​រឿង​មិនទាន់​ចាំបាច់​ត្រូវតែ​ធ្វើ​ផង ខ្ញុំ​និយាយ​ច្រើនដង​ហើយ យើង​មិន​ធ្វើ​ខុស តែបើ​ធ្វើ​ខុសច្បាប់ វា​កាន់តែ​ខុស​ទៅទៀត​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មាន​មាន​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង ខណៈពេល​អាជ្ញាធរ និង​ព្រះរាជអាជ្ញា​បាន​ចុះ​អនុវត្ត​សាលដីកា លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ការអនុវត្ត​ពេលនោះ ត្រូវបាន​មន្ត្រី​អះអាង​ថា មាន​កម្លាំងយោធា​ចូលរួម​យ៉ាងច្រើន​ផងដែរ ហើយ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា របស់​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ នា​ពេល​នោះ គឺ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដុត​កង់ឡាន គប់​ដុំ​ថ្ម និង​គប់​ដប​សាំង​ទៅលើ​កម្លាំង​សមត្ថកិច្ច ដែល​ឲ្យ​ចុះទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ក្រោម​ការ​បញ្ជា​ផ្ទាល់​អភិបាលរង​ខេត្ត គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាល​ដំបូង​ខេត្ត គឺ​លោក ហួត វិច​ត្រ​។

ពាក់ព័ន្ធ​នឹង​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​មនុស្ស​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​ភាគី​ទី​៣ ដែល​មិនដឹង​ជា​នរណា និង​នៅ​ទី​ណា​ពិតប្រាកដ ចំណែក​អភិបាលរង​របស់លោក​វិញ គឺ​លោក ផៃ ប៊ុន​វណ្ណៈ បាន​អះអាង​ថា គ្រាប់កាំភ្លើង​នេះ​បាន​ធ្លាក់​ពីលើ​មេឃ ហើយ​មក​ត្រូវ​មនុស្ស​។ ប្រតិបត្តិការ​រឹបអូស​ដី​រដ្ឋ​ពី​រាស្ត្រ យក​ទៅ​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ នេះ អ្នក​តាម​ដាន​បាន​សង្កេត​ឃើញ​ថា គឺ​លោក សៀង សុខ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ចេញមុខ​ដឹកនាំ​កម្លាំងចម្រុះ​។

ករណី​តវ៉ា​បិទផ្លូវ និង​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​នេះ បានកើត​ឡើង​ម្តង​រួច​មក​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ដែល​ពេលនោះ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​មន្ត្រី​សុរិយោដី​មក​ពី​ក្រសួង​រៀបចំ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត រួមមាន​មន្ត្រី​កង​រាជ​អាវុធ និង​នគរបាល​ខេត្ត​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ព្យាយាម​វាស់​វែ​ដី ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទៅ​លោកស្រី​ឧកញ៉ា ហុង សួន និង​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ដោយ​សំអាង​ថា ដី​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នេះ គឺជា​ដី​ស្ថិត​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិឯកជន​។ នាពេលនោះ ផ្ទះសម្បែង​រាប់​រយ​ខ្នង សង់​ពី​ឈើ និង​សង់​ពី​បេតុង រួម​ទាំង​របង​ព្រំ​ដី​ធ្វើ​ពី​ឈើ និង​បេតុង រាប់សិប​កន្លែង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រើ​គ្រឿង​កាយ​រុញ​បំផ្លាញ​ចោល​រាប​ដល់​ដី ខណៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ស្រែក​ទ្រហោយំ​ទ្រហឹងអឺងកង រីឯ​អ្នក​ខ្លះទៀត​រត់ចោល​ភូមិដ្ឋាន ដោយសារ​ខ្លាច​អាជ្ញាធរ​ខេត្ត​ចាប់​ដាក់គុក​។ ប្រជាពលរដ្ឋ​រងគ្រោះ នៅ​តំបន់​ពយ​ម៉ា​ចូ​វ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ថា ពួកគាត់​កំពុង​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិនមែន​រស់នៅ​លើ​ដី​កម្មសិទ្ធិ​បុគ្គល​ណា​ម្នាក់​ឡើយ ដូច្នេះ​ប្រសិនបើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បន្ត​បណ្តេញ​ពួកគាត់​ដោយ​ហិង្សា​ម្តងទៀត ដើម្បី​យក​ដី​ប្រគល់​ទៅ​ឲ្យ​លោកស្រី​ឧកញ៉ា ហុង សួន ភរិយា​របស់​លោក​ឧក​ញ៉ា ស៊ីវ គង់​ទ្រី​វ ពួកគាត់​មិន​ព្រម​ចេញ​ឡើយ ព្រោះ​គាត់​មិនមែន​ជា​គូវិវាទ​នៅក្នុង​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ ដោយ​បន្ត​បោះតង់​ស្នាក់នៅ​ជា​បន្ត​ទៀត ស្រប​ពេល​ដី​មាន​ទំហំ​ធំៗ​នៅ​ក្បែរ​នេះ សុទ្ធ​សឹង​ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​មាន​លុយ និង​ដី​ខ្លះ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​មានអំណាច អាច​បន្តកាន់កាប់​បាន ចំណែក​ពួកគាត់ គឺជា​ជនរងគ្រោះ​។

គួរ​រំលឹក​ដែរ​ថា ដោយសារ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​នេះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់ ត្រូវបាន​បញ្ឈប់​ពី​ការងារ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ កងរាជអាវុធហត្ថ​ជាតិ ក្រោយពី​គណៈកម្មការ​ចំពោះ​កិច្ច​រកឃើញ​ថា បាន​ប្រើ​អំពើ​ហិង្សា​ខុស​វិន័យ​ធ្ងន់ធ្ងរ ដោយ​ធាក់​ទ្រូង​បុរស​ម្នាក់ ជា​អ្នក​តវ៉ា​ជំទាស់​នឹង​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​ផ្តល់​ដី​ទំហំ​ជាង​៧០​ហិកតា ស្ថិតនៅ​ចំណុច​ពយ​ម៉ា​ចូ​វ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឲ្យ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ខណៈ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុងតែ​រស់នៅ និង​អាស្រ័យ​ផល នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនទាន់​រកឃើញ​ម្ចាស់​គ្រាប់​កាំ​ង​ភ្លើង ដែល​បាន​បាញ់​ឲ្យ​បុរស​ម្នាក់​អាយុ​២៨​ឆ្នាំ​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ ក្នុង​ប្រតិបត្តិ​ការបណ្តេញ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​នៅឡើយ​ទេ​។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អាវុធ​៦​ដើម ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ យកទៅ​ប្រើ​តាម​បញ្ជា​អភិបាលរង​ខេត្ត នៅក្នុង​ថ្ងៃ​បង្ក្រាប​ការតវ៉ា​នេះ ត្រូវ​បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់ និង​រកឃើញថា អ្នក​កាន់​កាំភ្លើង​មិនបាន​បាញ់​ទេ គណៈកម្មការ​ចំពោះ​កិច្ច​នឹង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រក​ឃើញ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សម្រេច​ទៅលើ​ទង្វើ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​អ្នកទទួលខុសត្រូវ​ចំពោះ​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​មនុស្ស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu