ភ្នំពេញ ៖ ដំណឹង នៃមរណភាពរបស់ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានធ្វើឲ្យមហាជន និង អ្នកសិល្បៈជាច្រើនបង្ហាញអារម្មណ៍ក្ដុកក្ដួល និងរន្ធត់ចិត្តខ្លាំង ដោយសារតែការសោកស្តាយ ក្រោយពេលត្រូវបានបាត់បង់វីរសិល្បករជើងចាស់ដ៏មានសមត្ថភាព ឬអាចចាត់ទុកថានេះជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសិល្បៈ។
ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានទទួលមរណភាពកាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។ ដំណឹងនេះ បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ខណៈពេលនេះ សិល្បៈអាយ៉ៃខ្មែរ ត្រូវបានបាត់បង់សិល្បករជើងចាស់ដ៏មានសមត្ថភាព និង ទេពកោសល្យរូបនេះ។
បន្ទាប់ពីទទួលមរណភាព បច្ចុប្បន្ន សពរបស់ លោកតា ផ្លុង មឿក ត្រូវបានក្រុមគ្រួសារដឹកយកមកតម្កល់នៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកឯក្រុមគ្រួសារ ក៏កំពុងតែរៀបចំចាត់ចែង ដើម្បីធ្វើពិធីបុណ្យសពតាមប្រពៃណីពុទ្ធសាសនាផងដែរ។
ដោយឡែកសម្រាប់ថ្ងៃ នៃពិធីបូជាសពរបស់ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក នៅមិនទានមានការបញ្ជាក់ពេលវេលានៅឡើយទេ។
រម្លឹកពីប្រវត្តិខ្លះៗរបស់ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក គឺលោកតាបានកើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៤១ ស្ថិតនៅក្នុងភូមិកោះស្លា ឃុំស្នោរ ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល)ខេត្តកណ្តាលហើយលោកតាគឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់គឺប្រុស២នាក់ស្រី២នាក់។ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃលោកតា ផ្លុង មឿក ក៏ត្រូវជាចៅរបស់កវីភិរម្យអូ ហៅលោកតា ក្រម ង៉ុយ ផងដែរ។
លោកតា ផ្លុក មឿក ដោយសារវ័យចាស់ជរា និងមានជំងឺប្រចាំកាយផងនោះ ក៏បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំ រហូតបាត់បង់សមត្ថភាពសិល្បៈទាំងស្រុង ទើបនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកតា ផ្លុង មឿក ដោយសារទ្រាំទ្រនឹងជំងឺលែងបាន ក៏ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំយ៉ាងសោកស្ដាយជាទីបំផុត៕
Source: Kampuchea Thmey Daily
0 Comments