ភ្នំពេញ ៖ បុរសពីរនាក់ បានឆ្លៀតគ្រងស្បង់ក្លែងជាលោកសង្ឃដើរបិណ្ឌបាត្រយកលុយដើរផឹកស៊ីយ៉ាងរំភើយ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យអស់រយៈពេលជិត១សប្ដាហ៍មកហើយ តែត្រូវបែកការណ៍បន្ទាប់ពីពួកគេផ្លាស់ស្បង់ចីវរចេញ ហើយត្រូវបានប្រជាពលរដ្ឋឃើញក៏នាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចហៅទៅសួរនាំអប់រំ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ត្រង់ចំណុចមុខរោងចក្រស្រាបៀរ ហ្ក្រោន ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើនោះទី១ឈ្មោះសុខ សុធា អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងមានស្រុកកំណើតនៅក្នុងភូមិសាម័រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ជននេះបានធ្វើជាសង្ឃក្លែងក្លាយបានរយៈពេល៧ថ្ងៃមកហើយ។ ទី២,ឈ្មោះប្រាង សំណាង អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើត នៅក្នុងភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ជននេះបានធ្វើជាសង្ឃក្លែងក្លាយបានរយៈពេល៣ថ្ងៃមកហើយ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុសង្ឃក្លែងក្លាយទាំង២នាក់នេះ បានគ្រស្បង់ចីវរ និងប្រដាប់ដោយបាត្រផងបានចេញដើរបិណ្ឌបាត្រតាមទីផ្សារនិងតាមផ្ទះប្រជាពលរដ្ឋ។ខណៈនោះមានអ្នកដាក់បាត្រជាហូរហែ លុះក្រោយបានលុយហើយបាននាំគ្នាទៅផ្លាស់ស្បង់ចីវរចេញនិងស្លៀកពាក់ខោអាវវិញនៅម្ដុំចំណុចកើតហេតុខាងលើ ហើយចៃដន្យត្រូវបានពួកគាត់ប្រទះឃើញក៏ធ្វើការឃាត់ខ្លួនប្រគល់ជូននគរបានតែម្ដង។
នគរបាលបាននិយាយថា ក្រោយពេលឃាត់ខ្លួនកម្លាំងបានដកហូតស្បង់ចីវរនិងបាត្រព្រមទាំងលុយជាង១០ម៉ឺនរៀល ដែលពួកគេបិណ្ឌបាត្របាន ប៉ុន្តែមិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ។ បន្ទាប់ពីឆ្លងយោបល់ដល់ថ្នាក់លើរួចមកបានសម្រេចត្រឹមធ្វើការអប់រំពួកគេនិងធ្វើកិច្ចសន្យា ព្រមទាំងធ្វើសាវតាជាតិរួចដោះលែងទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments