Ad Code

ពី​យប់​ដេក​យល់សប្ដិ​ថា ចោរលួច​កាច់​សោ.ក ម៉ូតូ​ លុះ​ស្អែក​ឡើង​ចោរលួច​មែន​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ព័ទ្ធ​ចាប់វាយ​ឡើង​ទ្រម​ខ្លួន​ ស្ទើរ​ស្លាប់ ​ស្ទើរ​រស់ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់​ សោ.ក ម៉ូតូ​គេ​បានសម្រេច​ទៅហើយ ​តែ​ចៃដន្យ​ឆ្កែ​ព្រុស ​ដឹង​ដល់​ម្ចាស់​ចេញមក​មើល ឃើញ​ស្រែក​ចោរៗ ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញចាប់បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍សែន​ជ័យ។​

ជនសង្ស័យ​ ឈ្មោះ ​យិន ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ យក​ផ្ទះសំណាក់​៣​ដុល្លារ ​ម្តុំ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ធ្វើជា​កន្លែង​ស្នាក់អាស្រ័យ មាន​ស្រុកកំណើត ភូមិ​ចាម ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង។ ចំណែក​នារី​រងគ្រោះ ជា​ម្ចាស់​ម៉ូតូ​ ឈ្មោះ បាន ធួន​ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​១ កន្លែងកើតហេតុ មាន​ស្រុក​កំណើត ភូមិ​ប្រាសាទ ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ។ ដោយឡែក​ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាក ស៊ុយ​សូ​គី​និ​ច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ តាកែវ 1Q-4368។​

តាម​សម្ដី​នារី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​បែប​ជំនឿ មួយ​ថា កាលពី​យប់មិញ​នាង​បាន​យល់​សប្តិ « ឃើញ​ម្តាយ​នាង​មក​ប្រាប់ថា​ មាន​ចោរលួច​ម៉ូតូ តែ​លួច​មិន​បានទេ មាន​គេ​ប្រាប់ »។ ក្រោយពី​សុបិន​ឃើញ​អាក្រក់​បែបនេះ ធ្វើ​ឲ្យ​នាង​បង្កើន​ការប្រុងប្រយ័ត្ន លុះ​ពេលដែល​ចេញពី​ធ្វើការ​រោងចក្រ ចត​ម៉ូតូ​ទុកដាក់​ចាក់​សោ.ក រួច​ឡើង​ទៅ​បន្ទប់​ជាន់​ទីមួយ​ហូបបាយ​ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ឮសូរ​សំឡេង​ឆ្កែ​ព្រុស​ប្លែក រួមផ្សំ​នឹង​អារម្មណ៍​នឹកឃើញ​ពេល​យល់​សប្ដិ​ផង ក៏​ស្ទុះ​ចេញ​មក​អើត​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ កាច់​សោ.ក​ ម៉ូតូ​បាន​ ហើយ ឡើង​ជិះ​រៀប​បើក​ចេញ ក៏ស្រែក​ឆោឡោ ផ្អើល​អ្នកជិតខាង​ជួយ​ចេញមក​អន្តរាគមន៍ ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ដេក​ទ្រម​ខ្លួន រួច​ប្រគល់​ជូន​សមត្ថកិច្ច។​

ជនសង្ស័យ​វិញ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​កាច់​សោ.ក​ ម៉ូតូ​មួយគ្រឿង​ខាងលើ​ពិតមែន រៀបនឹង​ជិះ​ចេញ​ហើយ សត្វ​ឆ្កែ​មក​ព្រុស ផ្អើល​ម្ចាស់​ស្រែក​ ពលរដ្ឋ​ចាប់ខ្លួន​តែម្តង។​

ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ នាំទៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu