Ad Code

បើក​រថយន្ត​មិន​ត្រួតពិនិត្យ​ មុនពេល​បើកបរ​ ចុះ​ចំណោត​សាង​លេខ​ ច្រាល​មកវិញ ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ស្លាប់ ​និង​របួស​



ពោធិ៍សាត់ ​៖ ខ្វះ​ការប្រុងប្រយ័ត្ន​ មិន​ត្រួតពិនិត្យ​រថយន្ត​មុនពេល​បើកបរ បណ្ដាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់​ស្លាប់​កៀប​ជាប់​រថយន្ត​ និង​ព្រូ​រង​របួស​ស្រាល ខណៈ​ចុះ​ចំណោត​សាង​លេខ​មិន​ចូល ​ហ្វ្រាំង​ជាន់​មិន​ស៊ី​ ក្រឡាប់​រថយន្ត​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នា​ទី ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ​១៥១ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥៥ ក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់។

​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មដា​បាន​ប្រាប់ថា ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​នេះ ​ទី​១​-ឈ្មោះ​ គឹម អៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង។ ទី​២-​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ព្រូ​ឡាន ត្រូវជា​ឪពុក​បង្កើត រង​របួស​ស្រាល អ្នក​ទាំងពីរ​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​នគរបាល​បន្ត​ឲ្យ​ដឹង​ថា ​​មុនពេល​កើត​ហេតុ​ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់ដាយ​មួយគ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 3083 បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​គឺ​អ្នកបើកបរ​រថយន្ត​បាន​ឡើង​ចំណោត​ផ្លូវ​ ដែល​ខ្ពស់​ ដែល​តំបន់​នោះ​មាន​ជួរ​ភ្នំ​ច្រើន ហើយ​ផ្លូវ​បត់បែន​ទៀត​។ លុះ​ពេល​កើតហេតុ​ ឡើងដល់​ចំណោត​ហើយ ​ផ្លូវ​ចុះ​វិញ រថយន្ត​ចាប់ផ្ដើម​បង្កើន​ល្បឿន ​អ្នកបើកបរ​នោះបាន​សាង​លេខ​បន្ថយ​ទប់​ល្បឿន តែ​មិន​អាច​សាង​លេខ​បាន ​ច្រាល​មកវិញ ហើយ​ជាន់​ហ្វ្រាំងរថយន្ត​ក៏​វា​មិន​ស៊ី​ទៀត ធ្វើ​ឲ្យ​រថយន្ត​កាន់​តែមាន​ល្បឿន​លឿន​ ក៏​រេ​ចង្កូត​ពេញ​ផ្លូវ​ ហើយ​ក្រឡាប់​រថយន្ត បណ្ដាល​ឲ្យ​តៃកុង​បើកបរ​កៀប​ជាប់​នឹង​ចង្កូត​រថយន្ត​ស្លាប់​ភ្លាមៗ​តែម្ដង ដោយឡែក ​ព្រូ​រថយន្ត​ដែល​អង្គុយ​ក្បែរ​នោះ​ ត្រូវជា​ឪពុក​តៃកុង​បាន​ព្យាយាម​លូន​ចេញមកក្រៅ​តាម​ទ្វារ​រថយន្ត​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។​

​លោក​ ឈាន ឆោម អធិការរង​នគរបាល​សណ្ដាប់ធ្នាប់​ស្រុក​វាលវែង​ឲ្យ​ដឹងថា ដោយសារ​តែ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ មិន​ត្រួតពិនិត្យ​រថយន្ត​ជាមុនសិន ទើប​ពេល​បើក​បរ​ជួប​ឧបសគ្គ​ ក៏មាន​ហេតុការណ៍​អាក្រក់​បែបនេះ​តែម្ដង។

សមត្ថកិច្ច​យើង​ បាន​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ ដោយ​យក​រថយន្ត​ទៅ​ជួយ​ស្ទូច​រថយន្ត​គ្រោះថ្នាក់​នោះ ​ទៅ​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ថ្មដា ចាំ​ម្ចាស់​រថយន្ត​នេះ​មក​ទៅវិញ​ពេល​ក្រោយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu