ភ្នំពេញ ៖ ពិតជាមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរខ្លាំងណាស់ ក្រោយពេលឃើញស្ថានភាពជំងឺរបស់តារាកំប្លែងដ៏ល្បីឈ្មោះ តែងតែបង្កភាពសប្បាយរីករាយផ្ទុះសំណើចដល់មហាជន នាយ សាន ម៉ៅ ធ្លាក់ខ្លួនដេកនៅលើគ្រែពេទ្យ ទាំងរូបភាពស្គមស្លេកស្លាំង សល់តែស្បែកគ្រប់ដណ្ដប់ឆ្អឹងចំណែកបំពង់ក ក៏ត្រូវចោះដាក់ទុយយោផងដែរ។
តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់តារាសម្តែងប្រុស លោក អ៊ឹម ជីវ៉ា គ្រាដែលធ្វើដំណើរទៅសួរសុខទុក្ខដល់មន្ទីរពេទ្យជោរៃភ្នំពេញ កាលពីថ្ងៃទី១៤កុម្ភៈ ដែលត្រូវឱកាសថ្ងៃទិវា នៃក្តីស្រលាញ់នោះ ត្រូវបានគេសង្កេតឃើញថា នាយ សាន ម៉ៅ ស្ថិតក្នុងដំណាក់កាលនេះ គឺគួរឲ្យអាណិត និងស្រណោះបំផុត ព្រោះនាយប្រែក្លាយពីមនុស្សដែលមានសាច់ឈាមស្រស់ថ្លាទ្រលុកទ្រលន់ ប្រែមកស្លេកស្លាំង សល់តែស្បែកគ្របដណ្ដប់ឆ្អឹងបែបនេះ។
បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាពរបស់ នាយ សាន ម៉ៅ លោក អ៊ឹម ជីវ៉ា បានលើកឡើងថា ថ្ងៃ១៤កុម្ភៈនេះ ខ្ញុំបាទមកសួរសុខទុក្ខតារាកំប្លែង នាយ សាន ម៉ៅ នៅមន្ទីរពេទ្យជោរៃ ដោយស្ថានភាពគាត់នៅពេលនេះ គឺក្រុមគ្រូពេទ្យធ្វើការចោះបំពង់ក ដោយសារនាយ សាន ម៉ៅ ពិបាកដកដង្ហើមការចោះបំពង់ក បែបនេះ គឺមិនអាចនិយាយបានទេ ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញ ហើយត្រូវប្រើរយៈពេលព្យាបាលមួយខែ ទើបជាសះស្បើយ។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ក្រុមគ្រួសារ នាយ សាន ម៉ៅ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះ នាយ សាន ម៉ៅ។
សូមបញ្ជាក់ថា តារាកំប្លែង នាយ សាន ម៉ៅ គិតរហូតមកទល់ពេលនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមានរយៈពេលជាច្រើនខែមកហើយ។ ខណៈស្ថានភាពជំងឺរបស់នាយ ហាក់នៅមិនទាន់ធូរសះស្បើយ អាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments