សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Donald Trump គ្រោងនឹងប្រកាសគ្រាអាសន្នថ្នាក់ជាតិដើម្បីផ្តល់ថវិកាដល់ជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាសរបស់លោក។ នេះជាទង្វើមួយដែលបង្កឲ្យមានការព្រួយបារម្ភដល់សមាជិកសភាអាមេរិកមុនពេលពួកគេអនុម័តច្បាប់ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។
លោក Trump បានបង្ហាញសញ្ញាថា លោកនឹងចុះហត្ថលេខាលើវិធានការចំណាយដ៏ធំសម្បើមដែលនឹងរក្សាភ្នាក់ងារសហព័ន្ធឲ្យធ្វើប្រតិបត្តិការរហូតដល់ថ្ងៃទី៣០ខែកញ្ញា។
ប៉ុន្តែវិធានការនោះមិនបានផ្តល់មូលនិធិសម្រាប់ជញ្ជាំងនៅលើព្រំដែនអាមេរិក-ម៉ិកស៊ិកទេហើយការប្រកាសគ្រាអាសន្នរបស់លោក Trump នឹងជួយគាត់ឲ្យឆ្លងកាត់សភាដើម្បីកំណត់និងបញ្ជូនមូលនិធិរាប់ពាន់លានដុល្លារដើម្បីសាងសង់វា។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយមុនពេលព្រឹទ្ធសភាអនុម័តវិក័យប័ត្រចំណាយថា “លោក Trump នឹងចាត់វិធានការដើម្បីធានាថា យើងបានបញ្ឈប់វិបត្តិសន្តិសុខជាតិនិងមនុស្សធម៌នៅតាមព្រំដែន”។
សភាតំណាងរាស្ត្របានគាំទ្រនៅប៉ុន្មានម៉ោងក្រោយមកហើយលោក Trump មានពេលរហូតដល់ពេលវេលាកំណត់នៅពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រដើម្បីចុះហត្ថលេខានិងរារាំងរដ្ឋាភិបាលមិនឲ្យបិទជាលើកទីពីរក្នុងឆ្នាំនេះ។
ការចុះហត្ថលេខាលើវិក្កយបត្រចំណាយនឹងបញ្ចប់នូវការប្រយុទ្ធរយៈពេល២ខែជុំវិញការផ្តល់មូលនិធិរបស់រដ្ឋាភិបាល។ ប៉ុន្តែដោយសារតែការប្រកាសពីគ្រាអាសន្ន លោក Trump បានបើកការប្រឈមមុខគ្នាថ្មីមួយនិងបង្កើតនូវគ្រោះថ្នាក់ផ្លូវច្បាប់នៃអាណត្តិរបស់គាត់។
ប្រធានសភាលោកស្រី Nancy Pelosi ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងសភាបាននិយាយថា សមាជិកនៃក្រុមរបស់លោកស្រីកំពុងពិនិត្យឡើងវិញនូវជម្រើសអំពីរបៀបឆ្លើយតបទៅនឹងទង្វើរបស់លោក Trump៕ AFP
Source: Kampuchea Thmey Daily
0 Comments