សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នៅ​ព្រឹក​ថ្ងៃទី​០៥ ​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូបង្វឹក​កីឡា​បាល់​ទឹក​កម្រិត​១ រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧​មីនា។ ​វគ្គ​នេះ គឺ មាន​ការជួយ​ទំនុកបម្រុង​ទាំងស្រុង ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA)។​

​វគ្គ​នេះ មាន​សិក្ខាកាម​ចូលរៀន​ចំនួន​២០​រូប ដែល​មក​សមាគម​កីឡាហែលទឹក​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណ​ការណ៍ និង ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មុំ បាត់ដំបង កំពង់​ចាម ខេត្ត​កណ្ដាល និង សៀមរាប។​
​ ​
វគ្គ​នេះ​បង្រៀន​ដោយ​គ្រូ​ជនជាតិ​គុយបា​ គឺ​លោក​Alexander dela Celda Brokina ។ លោក ​នាង សុរិទ្ធី​យ៉ា អគ្គលេខាធិការ​រង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានបញ្ជាក់​ឲ្យ​ដឹងថា កីឡា​បាល់​ទឹក​(WaterPolo)​នេះ លេង​នៅក្នុង​អាង​សម្រាប់​លោតទឹក គឺ​មិនមែន​នៅក្នុង​អាង​សម្រាប់​ហែល​នោះទេ​។​
​ ​
ទីលាន​មាន​បណ្ដោយ​ប្រវែង​៣០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​ទី ០,៩០​ម៉ែត្រ បណ្ដោយ​ទី​ប្រវែង​៣​ម៉ែត្រ និង​លេង​ម្ខាងៗ​៧​នាក់។ ​កីឡា​ប្រភេទ​នេះ ក្រៅពី​អាជ្ញាកណ្ដាល​បញ្ជាការ​ប្រកួត​ចំនួន​២​រូបនោះ​នៅមាន​អាជ្ញាកណ្ដាល​ទី​៣​ អ្នក​កាន់​នាឡិកា​កំណត់​ម៉ោង។​ ការប្រកួត​មាន​៤​វគ្គ​ដែល​មួយ​វគ្គ​មាន​៨​នាទី​ហើយ​ នៅ​ចន្លោះ​វគ្គ​នីមួយៗ​សម្រាក​២​នាទី ចំពោះ​អាជ្ញាកណ្ដាល​ស្ថិតនៅ​លើគោក។​

​លោក Alexander dela Celda Brokina បាន​អះអាងថា​ នេះ​ជាការ​បើក​វគ្គ​លើក​ទី​២​ហើយៗ​កន្លងមក​ ក៏​ធ្លាប់​បានរៀបចំ​ការប្រកួត​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​ តេ​ជោ​សែន​ នា​ខេត្ត​កំពង់ចាម​ដែរ។ វគ្គ​នេះ​គឺ​សង្កត់​ខ្លាំង​ទៅលើ​ការអនុវត្តន៍​ជាក់ស្ដែង។​
​ ​
សម្រាប់​ថ្ងៃ​ដំបូង លោក​នឹង​បង្រៀន​ពី​ទ្រឹស្ដី ពី​ច្បាប់​ប្រកួត បង្ហាត់​ទ្រឹស្ដី​បច្ចេកទេស ថ្ងៃទី​២​គឺជា​ថ្ងៃ​អនុវត្តន៍​ជាក់ស្ដែង​នៅក្នុង​អាងទឹក និង​ថ្ងៃទី​៣​ ដែលជា​ថ្ងៃ​ចុងក្រោយ​សិក្ខាកាម​ទាំងអស់​ត្រូវ​អនុវត្តន៍​តួនាទី​ជា​គ្រូបង្ហាត់​ម្ដងម្នាក់ៗ​។ លោក​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា ក្នុងចំណោម​សិក្ខាកាម​ទាំង​២០​រូបនេះ​នឹងមាន​អ្នក​ក្លាយខ្លួន​ទៅជា​គ្រូបង្ហាត់​កម្រិត​ខ្ពស់។​
​ ​
លោក​ ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ បានទាមទារ​ឲ្យ​សិក្ខាកាម​ទាំងអស់​បន្ទាប់ពី​ចប់​វគ្គ​នេះ​ទៅ​ត្រូវបង្កើត​ឲ្យ​មាន​ក្រុមកីឡា​បាល់​ទឹក​ប្រចាំ​ក្លិប​របស់ខ្លួន ប្រចាំ​សាលា ឬ ខេត្ត​របស់ខ្លួន។​
​ ​
កាលពីមុន​ កម្ពុជា ​ធ្លាប់​មាន​កីឡា​នេះ​ដែរ តែ​បន្ទាប់ពី​សង្គ្រាម​កីឡា​នេះ​ទើបតែ​បង្កើត​បាន​២​ឆ្នាំនេះ​ទេ ។ ​សព្វថ្ងៃ​កម្ពុជា ​ទើប​តែមាន​ក្រុម​បាល់​ទឹក​ចំនួន​២​ក្រុម​ប៉ុណ្ណោះ គឺ​មួយក្រុម​នៅ​រាជធានី​ភ្នំពេញ និង មួយ​ក្រុម​នៅ​ខេត្តកំពង់ចាម។​
​ ​
លោក​អគ្គលេខាធិការ ក៏បាន​អះអាងថា នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់​ទឹក​ប្រចាំ​ឆ្នាំ និង​បង្កើត​កម្មវិធី​ហ្វឹកហាត់​ប្រចាំ​សប្ដាហ៍ បន្ទាប់ពី​អាង​ហែល​ទឹក​ក្នុង​ស្ដា​ត​អូឡាំពិក​បញ្ចប់​ការជួសជុល​នោះ៕


Source: Kampuchea Thmey Daily