ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯកTV5 Knock Out Seriesby K.Cement រដូវកាលទី៥ ទម្ងន់៥៤គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ជាការប្រកួតលើកទី២ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ជុំទី២បន្តទៀត។
សម្រាប់ការប្រកួតជម្រុះលើកទី២នេះ ឡុង ណងសៅ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា នឹងជួបប្រកួតជាមួយប្រាក់ ស៊ីណាត អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ។
ការប្រកួតក្នុងជុំទី១នេះ ប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
រវាងឡុង ណងសៅ និង ប្រាក់ ស៊ីណាតនេះ ឡុង ណងសៅ ជាអ្នកប្រដាល់ស្រករក្រោយ ឯប្រាក់ ស៊ីណាត ជាអ្នកប្រដាល់ស្រករមុន។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាកន្លងមក។
សម្រាប់ការជួបគ្នារវាងឡុង ណងសៅ និង ប្រាក់ ស៊ីណាត នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ឡុង ណងសៅ មិនរំពឹងថាឈ្នះ ប្រាក់ ស៊ីណាត នោះទេ។ ព្រោះ ស៊ី ណាត គេជាជើងចាស់ វាយបុកខ្លាំង និងមានផ្លែល្អជាង ណងសៅ។ ចាំមើល តើ ប្រាក់ ស៊ីណាត យកឈ្នះឡុង ណងសៅ បានមែនឬអត់?។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង គួន សុវណ្ណ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ និង រឿង សារិទ្ធ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា នរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ? តែយ៉ាងណា គួន សុវណ្ណ គេមានកលល្បិច និង មានផ្លែល្អជាងរឿង សារិទ្ធ។ ប៉ុន្តែ សុវណ្ណ ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល សារិទ្ធ បានដែរ ព្រោះ រឿង សារិទ្ធ នេះ គេក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។ ចាំមើល រវាង គួន សុវណ្ណ និង រឿង សារិទ្ធ តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ?។
ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out by K.Cement រដូវកាលទី៤ ទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ជុំ និងមានរូបមន្តប្រកួត គឺជុំទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងជុំទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ក្នុងការប្រកួតចម្រាញ់លើកដំបូងកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន២រូបហើយ គឺម៉ន ភារម្យ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក និង ចាន់ សាន់ ក្លិបតាព្រហ្មមានជ័យ៕
Source: Kampuchea Thmey Daily
0 Comments