ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារថា ការចំណាយលើយោធាបានកើនឡើង៧,៥ភាគរយក្នុងឆ្នាំ២០១៩នេះ ពោលគឺទាបជាងឆ្នាំមុន ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចយឺតយ៉ាវ។
រដ្ឋាភិបាលក្រុងប៉េកាំងបានខិតខំផ្តល់ឲ្យកងកម្លាំងរំដោះប្រជាជនចិន (PLA) ចំនួនពីរលាននាក់របស់ខ្លួននូវគ្រឿងសម្ភារៈទំនើបដោយចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើយន្តហោះចម្បាំង នាវាផ្ទុកយន្តហោះនិងអាវុធផ្សេងទៀត។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបង្ហាញនៅពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន (NPC) បានឲ្យដឹងថា រដ្ឋាភិបាលនឹងចំណាយថវិកាចំនួន១.១៩ពាន់ពាន់លានយន់ (១៧៧.៦ពាន់លានដុល្លារ) លើវិស័យការពារជាតិនៅក្នុងឆ្នាំ២០១៩នេះបន្ទាប់ពីខ្លួនបានបង្កើនការចំណាយរបស់ខ្លួន៨,១ភាគរយស្មើនឹង១.១១ពាន់ពាន់លានយន់ក្នុងឆ្នាំ២០១៨។
ចិនគឺជាអ្នកចំណាយលើយោធាធំជាងគេលំដាប់ទីពីររបស់ពិភពលោកប៉ុន្តែនៅឆ្ងាយពីសហរដ្ឋអាមេរិកដែលបានចំណាយថវិកា៧១៦ពាន់លានដុល្លារសម្រាប់វិស័យការពារក្នុងឆ្នាំ២០១៩។
ការបង្កើនការចំណាយទាបជាងមុននេះបានកើតឡើងចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងធ្លាក់ចុះខណៈរបាយការណ៍ដែលបានបង្ហាញនៅ NPC បានកំណត់គោលដៅកំណើន៦,០ទៅ៦,៥ភាគរយ។
ផែនការចំណាយនេះបានកើតឡើងខណៈក្រុងប៉េកាំងបង្កើនវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹងចលនាឯករាជ្យណាមួយនៅកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងហើយបានបន្តអះអាងអំពីការទាមទារទឹកដីដ៏ធំរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ប៉ុន្តែអ្នកនាំពាក្យ NPC លោក Zhang Yesui បាននិយាយថា ការចំណាយយោធារបស់ប្រទេសចិនមិនបង្កការគំរាមកំហែងដល់ប្រទេសដទៃទេ។
គណបក្សកុម្មុយនិស្តបានផ្តោតលើការតាមឲ្យទាន់បច្ចេកវិទ្យាដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបខាងលិច។
ប្រទេសចិនបានសាងសង់នាវាផ្ទុកយន្តហោះទីពីរហើយបានដាក់វាឲ្យសាកល្បងក្នុងសមុទ្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះខណៈពេលដែលវារៀបចំដើម្បីដំណើរការ។
ក្រុងប៉េកាំងក៏កំពុងសាងសង់នាវាពិឃាដជំនាន់ថ្មី យន្តហោះចម្បាំងនិងមីស៊ីលផ្លោងផងដែរខណៈដែលការស្រាវជ្រាវកំពុងដំណើរការសម្រាប់ការអភិវឌ្ឍកាំភ្លើងមេដែកអគ្គិសនីនិងឡាស៊ែរប្រឆាំងផ្កាយរណប៕ AFP
Source: Kampuchea Thmey Daily
0 Comments