បាត់ដំបង ៖ បច្ចុប្បន្នមុខរបរគោដុត កំពុងត្រូវប៉ាន់យ៉ាងខ្លាំង នៅលើទឹកដីខេត្តបាត់ដំបង រហូតដល់ថ្នាក់ម្ចាស់មុខរបរនេះ បានដាក់តាំងសត្វគោ១ក្បាលៗ នៅតាមចិញ្ចើមថ្នល់ ដើម្បីបង្អួតដល់ភ្នែកទេសចរណ៍ផង និងបង្ហាញដល់ក្រុមអ្នកញៀនសុរាផងដែរ ដែលនិយមចូលចិត្តយកសាច់គោស្រស់ៗនេះមកក្លែម។
គួរបញ្ជាក់ដែរថា កន្លងមកក្រសួងធម្មការ និងសាសនា ធ្លាប់បានចេញ ស ជ ណ ដើម្បីផ្សព្វផ្សាយដល់ក្រុមអាជីវករទាំងអស់ ដែលមានមុខរបរលក់ « គោដុត » ហាមដាច់ខាតនូវការដាក់តាំងសត្វគោនៅកណ្តាលវាល ដែលជាហេតុធ្វើឲ្យរូបភាពនេះបង្ហាញនូវភាពឃោរឃៅបំផុត មិនខុសអីទៅនឹងសកម្មភាពក្រុម ISISនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ កន្លងមកក៏ធ្លាប់មានសម្ដេចសង្ឃ១ព្រះអង្គធ្លាប់មានសង្ឃដីកាសុំបិណ្ឌបាតនូវរូបភាព « គោដុត » នេះដែរ។
កាលនោះ ក៏មានការផ្អាកសកម្មភាពដុតគោ អស់មួយរយៈ ប៉ុន្តែនៅពេលនេះស្រាប់តែរូបភាព និង សកម្មភាព គោដុត នេះ បានកម្រើកឡើងវិញយ៉ាងខ្លាំងជាទីបំផុត ព្រមទាំងបានដាក់តាំងបង្អួតភ្ញៀវទេសចរណ៍តាមដងផ្លូវថែមទៀតផង សបញ្ជាក់ឲ្យឃើញថា ច្បាប់ដែលបានចែង គឺគ្មានន័យអ្វីទាំងអស់ ឯអង្គភាពពាក់ព័ន្ធ ក៏មិនបានគិតគូរឡើងវិញអំពីបញ្ហានេះដែរ ព្រោះបច្ចុប្បន្នបើគេធ្វើដំណើរ
ចេញពីក្រុងបាត់ដំបង ឆ្ពោះទៅចំណុចវាលស្រែ១០០ គេនឹងបានឃើញ« គោដុត » ដាក់តាំងជាហូរហែតែម្តង ដោយគ្មានការបិទបាំង ឬលាក់លៀមអ្វីបន្តិចទាល់តែសោះ៕
Source: Kampuchea Thmey Daily
0 Comments