Ad Code

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ ៖ លោក គីម មកដល់​ប្រទេស​វិញ​ បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​លោក ត្រាំ



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​វិល​មកដល់​ប្រទេស​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ​ ដោយបាន​បញ្ចប់​ដំណើរ​ដ៏​វែងឆ្ងាយ​របស់លោក​ឆ្លងកាត់​ប្រទេស​ចិន ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាណូយ​របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ឡើយ.

ការវិល​ត្រលប់​របស់លោក​គីម​មកកាន់​ទីក្រុង​ព្យុងយ៉ាង​គឺ​សម្គាល់​ជាការ​បញ្ចប់​ការធ្វើដំណើរ​ចម្ងាយ​៤,០០០​គីឡូម៉ែត្រ​ចេញពី​ប្រទេស​វៀតណាម។

ក្រោយមក​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​ទៅកាន់​ប្រទេស​នេះ​ដែលជា​កន្លែង​លោក​គីម​បាន​សម្តែង​ការគោរព​ចំពោះ​មេដឹកនាំ​បដិវត្តន៍​វៀតណាម​លោក​ហូជីមិញ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​បាន​ផ្សាយ​ថា “​លោក​គីម​ជុង​អ៊ុន​បាន​មកដល់​ប្រទេស​វិញ​នៅ​ថ្ងៃ​អង្គារ​បន្ទាប់ពី​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណើរ​ទស្សនកិច្ច​សុច្ឆន្ទៈ​ផ្លូវការ​របស់លោក​ទៅកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​”​។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​នៅ​ម៉ោង​៣​ព្រឹក​ព្រលឹម រថភ្លើង​របស់លោក​បាន​ចូលក្នុង​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ព្យុងយ៉ាង”។

កិច្ចចរចា​រវាង​លោក​គីម​និង​លោក​ត្រាំ​នៅ​ទីក្រុង​ហាណូយ​បានបញ្ចប់​ភ្លាមៗ​ខណៈ​ពិធី​ចុះហត្ថលេខា​ត្រូវ​លុបចោល​បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម។

ទាំង​ទីក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​សម្រាប់​ការដួលរលំ​នៃ​កិច្ចចរចា​នេះ។

កាសែត Rodong Sinmun ដ៏​ធំ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​ពីមុន​ថា លោក​គីម​និង​លោក​ត្រាំ​បាន​យល់ព្រម​បន្ត​ការពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាណូយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu