Ad Code

ចាប់​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ​បញ្ជូន​ឡើង​តុលាការ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ​



​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៥ មីនា ឆ្នាំ​២០១៩ បាន​ចាត់​បញ្ជូន​បុរស​ជនជាតិ​អាមេរិក​វ័យ​ចំណាស់​ម្នាក់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ករណី ទិញ​ពេស្យាចារ កុមារី​ខុសច្បាប់ ។

ជនសង្ស័យ​មានឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​អាមេរិកាំង​កាន់​លិខិតឆ្លងដែន​លេខ 546245420 ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​បាន​រង​នូវ​ពាក្យបណ្ដឹង​ពី​សំណាក់​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ​ កាលពី​ល្ងាច​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ម៉ាស្សា យីហោ ស្រី​នាង​៨៧១ ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោយពី​មាន​ពាក្យបណ្តឹង​ សមត្ថកិច្ច​បាន​បើក​កា​រ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានដល់​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​លើ​បទល្មើស ទិញ​ពេស្យាចារ​កុមារ ខ្មែរ​មួយ​នេះ ដោយ​បាន​រំដោះ​ជនរងគ្រោះ​៥​នាក់ ក្នុង​នោះ​មាន​កុមារី​៣​នាក់ នៅ​ជា​អនីតិជន​នៅឡើយ។

បន្ទាប់​មក​ ជនរងគ្រោះ​ ត្រូវ​បាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​អប់រំ បណ្ដុះបណ្ដាល នៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ចំណែក​ជនជាប់សង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​នៅឡើយ ដោយ​មិនទាន់​សម្រេច​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​នោះ​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu