រដ្ឋមន្ត្រីថវិកាកាណាដាលោកស្រី Jane Philpott បានលាលែងពីតំណែងកាលពីថ្ងៃចន្ទដោយនិយាយថា លោកស្រីលែងមានទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Justin Trudeau ទៀតហើយខណៈរដ្ឋាភិបាលនេះកំពុងជាប់ពាក់ព័ន្ធនៅក្នុងវិបត្តិនយោបាយដ៏ធំមួយ។
លោកស្រី Philpott បាននិយាយនៅលើ Twitter ថា “ខ្ញុំបានពិចារណាអំពីព្រឹត្តិការណ៍ដែលធ្វើឲ្យរង្គោះរង្គើរដ្ឋាភិបាលសហព័ន្ធនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយបន្ទាប់ពីមានការឆ្លុះបញ្ចាំងយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវតែលាលែងពីតំណែងជាសមាជិកគណៈរដ្ឋមន្ត្រី។ គោលការណ៍ ដែលជាប់ពាក់ព័ន្ធគឺឯករាជ្យភាពនិងសុចរិតភាពនៃប្រព័ន្ធយុត្តិធម៌របស់យើង។ គួរឲ្យសោកស្ដាយ ខ្ញុំបានបាត់បង់ទំនុកចិត្តលើរបៀបដែលរដ្ឋាភិបាលដោះស្រាយជាមួយបញ្ហានេះនិងរបៀបដែលរដ្ឋាភិបាលឆ្លើយតបនឹងបញ្ហាដែលបានលើកឡើង”។
លោកស្រី Philpott ត្រូវបានគេនិយាយថា មានភាពជិតស្និទ្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងអគ្គរាជអាជ្ញាលោកស្រី Jody Wilson-Raybould ដែលបានបង្កើតវិបត្តិសម្រាប់រដ្ឋាភិបាលសេរីនិយមរបស់លោក Trudeau ដោយសារតែការចោទប្រកាន់មន្ត្រីជាន់ខ្ពស់ថា បានប៉ុនប៉ងធ្វើឲ្យប៉ះពាល់ដល់ការកាត់ទោសលើក្រុមហ៊ុនវិស្វកម្ម SNC-Lavalin ។
សេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលពីលោកស្រី Philpott ដែលក៏បម្រើការជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារផងដែរនោះគឺបានបន្ថែមភាពស្មុគស្មាញមួយផ្សេងទៀតដល់លោក Trudeau។
កាលពីសប្តាហ៍មុន គណបក្សប្រឆាំងបានអំពាវនាវឲ្យលោក Trudeau លាលែងពីតំណែងនិងត្រូវចាប់ផ្តើមការស៊ើបអង្កេតសហព័ន្ធចូលទៅក្នុងការអះអាងរបស់លោកស្រី Wilson-Raybould ក្នុងអំឡុងពេលធ្វើសក្ខីកម្មកាលពីខែកុម្ភៈនៅឯគណៈកម្មាធិការយុត្តិធម៌សភា។
លោកស្រី Wilson-Raybould បាននិយាយថា លោក Trudeau រដ្ឋមន្ត្រីមួយរូបនិងទីប្រឹក្សារបស់គាត់បានដាក់សម្ពាធមិនសមរម្យទៅលើនាងរួមទាំងការគំរាមកំហែងដោយលាក់បាំងដើម្បីធ្វើអន្តរាគមន៍នៅក្នុងការកាត់ទោសព្រហ្មទណ្ឌផងដែរ។
លោកស្រីបាននិយាយថា ចាប់ពីខែកញ្ញាដល់ខែធ្នូឆ្នាំ២០១៨ ក្រុមមន្ត្រីបានញុះញង់នាងឲ្យស្នើសុំព្រះរាជអាជ្ញាឲ្យដោះស្រាយករណីនេះនៅខាងក្រៅតុលាការ។
ក្រុមហ៊ុន SNC-Lavalin ត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនៅឆ្នាំ២០១៥ក្នុងករណីទទួលសំណូកពីសំណាក់មន្ត្រីលីប៊ីក្នុងចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០១១ដើម្បីធានាកិច្ចសន្យារបស់រដ្ឋាភិបាលអំឡុងការកាន់អំណាចរបស់បុរសខ្លាំង Moamer Kadhafi៕ AFP
Source: Kampuchea Thmey Daily
0 Comments