Ad Code

បើទោះបីជា​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​យ៉ាងណាក៏ដោយ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់បន្ថយ



តាកែវ ៖ នេះ​ ជា​លទ្ធផល​វិជ្ជមាន​មួយ ​ដែល​ទទួលបាន​ពី​ការអនុវត្ត​ជាក់ស្តែង​លើ​ការចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទៅដល់​សាលារៀន ក៏ដូចជា​ភូមិ​ឃុំ សិស្សានុសិស្ស​ និង​បងប្អូន​ប្រជាពលរដ្ឋ រួម​ជាមួយនឹង​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្រុមមន្ត្រី​នគរបាល​ចរាចរណ៍​ត្រួត​ពិនិត្យ​យ៉ាងសកម្ម​ទៅលើ​ជាតិ​ស្រវឹង ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់​មើល​ក្រោយ និង​រថយន្ត​ដឹក​សំពីងសំពោង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​៣ ដោយ​ក្នុង​ឆ្នាំ ២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​១០៥​លើក ខណៈ​ដែរ​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​១២២​លើក ថយចុះ​១៧​លើក ស្មើ​នឹង​១៣,៩​ភាគរយ ចំនួន​អ្នក​ស្លាប់​ថយចុះ ២៧,៩​ភាគរយ ដោយ​ឆ្នាំ​២០១៨​នេះ មាន​អ្នកស្លាប់​៦៧​នាក់ លើ​៩៣​នាក់ និង​មាន​អ្នករបួស ១២៦​នាក់ លើ​១៣២​នាក់។​

​លោក​ឧត្ដមសេនីយ៍​ត្រី ប៉ុក ពល​រិ​ទ្ធ ស្នងការ​រង​ទទួលបន្ទុក​ផែន​ការងារ​សណ្ដាប់ធ្នាប់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​និង​បញ្ជា​ផ្ទា​ល់ពី​សំណាក់ ​ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក​តែងតែ​ជំរុញ​ដល់​មន្ត្រី​ជំនាញ ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ទៅដល់​យុវវ័យ​ជំទង់ៗ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ ឲ្យ្​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​ធ្វើ​ឲ្យ​មានការ​ខាតបង់​នូវ​អ្វីៗ​ទាំង​អស់ ប្រសិនបើ​យើងទាំងអស់គ្នា​ជួប​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ដោយ​បើកបរ​មិនមាន​ការ​ប្រុងប្រយ័ត្ន​មិន​គោរព​ច្បាប់ និង​មិនមាន​ពាក់មួក​សុវត្ថិភាព​ការពារ ឬ​បើកបរ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង។​

​លោក​ស្នងការ​រង​បាន​បន្តថា នៅ​បច្ចុប្បន្ននេះ​ ប្រជាពលរដ្ឋ​ដែល​បាន​យល់ដឹង​ពី​ច្បាប់ ​គឺ​នៅ​មាន​កម្រិត និង​ស្មារតី​គោរព​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន គឺមាន​កា​ខ្លាចរអា​នគរបាល​ជាជាង ខ្លាច​ច្បាប់​ទៅវិញ ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹកទំនិញ។​

​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុក ពល​រិ​ទ្ធ បន្តថា ទន្ទឹម​នឹង​ការកត់សម្គាល់​ជា​វិជ្ជមាន​ខាងលើ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ក្នុង​ឆ្នាំ​២០១៨​នេះ មានការ​ប្រែប្រួល​ស្មុគស្មាញ​ច្រើន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​ផលវិបាក ច្រើនជាង​គ្រោះថ្នាក់​សង្គម ដទៃទៀត ដែល​បណ្តាលមកពី ការ​ធ្វេស​ប្រហែស និង​ការបំពានច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ មិន​ប្រកាន់​ស្តាំ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​ នៃ​ជាតិ​ស្រវឹង​តែម្តង។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមានឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ បង្ក​ឲ្យ​ខូច​ខាត​មធ្យោបាយ​សរុប​ចំនួន​១៨៧​គ្រឿង លើ​២៣២​គ្រឿង ថយចុះ​៤៥​គ្រឿង ក្នុងនោះ​មាន​រថយន្ត​តូច ចំនួន​៥៤​គ្រឿង រថយន្ត​ធំ​ចំនួន​៣៩​គ្រឿង ម៉ូតូ​៩០​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​០៤​គ្រឿង។ ចុះ​អនុវត្ត ​និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​បាន​ចំនួន​១២៩០​គ្រឿង ក្នុង​នោះ​ម៉ូតូ​១១៩៤​គ្រឿង និង​រថយន្ត​ចំនួន​៩៦​គ្រឿង ដោយ​ពិន័យ​បានជា​ទឹកប្រាក់​សរុប​ចំនួន​២៥,៧៦០,០០០​រៀល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu