Ad Code

មេដឹកនាំ​បក្សប្រឆាំង​លោក Guaido ទទួល​ការស្វាគមន៍​នៅពេល​វិល​ត្រឡប់មក​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​វិញ



មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido បានទទួល​ការស្វាគមន៍​ពី​អ្នកគាំទ្រ​រាប់ពាន់នាក់​ខណៈដែល​លោក​បាន​វិល​ត្រឡប់មក​ទីក្រុង Caracas វិញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ផ្គើន​ទៅនឹង​ការគំរាមកំហែង​នៃ​ការចាប់ខ្លួន​ពី​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​Nicolas Maduro​។​

លោក Guaido ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្តីទី​ពី​បណ្តា​ប្រទេស​ជាង​៥០​បាន​ប្រាប់​ហ្វូងមនុស្ស​ថា “​យើង​ដឹង​ពី​ហានិភ័យ​ដែល​យើង​ប្រឈមមុខ​ហើយ​វា​មិនដែល​រារាំង​យើង​បានទេ​។ របប​ផ្តាច់ការ​ត្រូវតែ​យល់ យើង​មាន​កម្លាំង​ខ្លាំង​ជាង​មុន​មក​។ តោះ​បន្ត​តាម​ដងផ្លូវ​”​។​

ក្រុម​អ្នកគាំទ្រ អ្នកសារព័ត៌មាន​និង​អ្នកការទូត​មកពី​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​បាន​ចោមរោម​លោក Guaido នៅពេល​គាត់​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង Caracas មុនពេល​គាត់​បាន​ចូលទៅក្នុង​ទីក្រុង​នេះ​ដើម្បី​ប្រមូលផ្តុំ​ការគាំទ្រ​ពី​អ្នកគាំទ្រ​រាប់ពាន់នាក់​។​

នៅ​ទីនោះ លោក Guaido បានប្រកាស​អំពី​ក្បួន​តវ៉ា​ថ្មី​មួយ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​បង្កើន​សម្ពាធ​លើ​លោក Maduro​។ លោក​បាន​និយាយថា “​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងអស់​នឹង​ត្រឡប់មក​តាម​ដងផ្លូវ​វិញ​។ យើង​នឹងមិន​សម្រាក​សូម្បី​មួយ​វិនាទី​រហូត​ទាល់​តែមាន​សេរីភាព​ពេញលេញ​”​។​

មុនពេល​គាត់​មកដល់ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅ​លោក Maduro ដើម្បី​ធានា​សុវត្ថិភាព​របស់លោក Guaido ហើយ​ក្រោយមក​រដ្ឋមន្ដ្រីការបរទេស​លោក Mike Pompeo បាន​សាទរ​ចំពោះ​ការវិល​ត្រឡប់​របស់គាត់​ដោយ​សុវត្ថិភាព។

លោក Pence បាន​សរសេរ​នៅលើ Twitter ថា “​ការគំរាមកំហែង​អំពើ​ហឹ​ង្សា​ឬ​ការបំភិតបំភ័យ​ប្រឆាំងនឹង​រូបគាត់​នឹងមិន​ត្រូវបាន​អត់ធ្មត់​ទេ​ហើយនឹង​ត្រូវបាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស”។

គួរ​បញ្ជាក់ថា លោក Guaido បាន​ចាក​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​១០​ថ្ងៃមុន​នៅក្នុង​ការប៉ុនប៉ង​មិនបាន​សម្រេច​មួយ​ដើម្បី​បង្ខំ​ឲ្យ​ជំនួយ​មនុស្សធម៌​ដែល​ត្រូវបាន​ស្តុក​ទុក​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​អាច​ចូលក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន។

បន្ទាប់មក​លោក​បានធ្វើ​ដំណើរ​ទស្សនកិច្ច​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ដូចជា​ប្រទេស​កូ​ឡុំ​ប៊ី ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន ប៉ា​រ៉ា​ហ្គា​យ​និង​អេ​ក្វា​ឌ័រ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu