ភ្នំពេញ ៖ ចំណង​ស្នេហ៍​រវាង​បុរស​ពោះម៉ាយ​ និង​ ស្ត្រី​មេម៉ាយ​កូន​ពីរ ​ក្រោយពី​ចាស់ទុំ​ផ្សំផ្គុំ ឈាន​ដល់​ការរស់នៅ​ជាមួយគ្នា​បាន​ជាង​២​ឆ្នាំ​រួចមក ចំណង​ស្នេហ៍​បាន​រលាយ​ទៅវិញ​ដោយ​ភាព​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​បាន​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ហើយ​រស់នៅ​ដោយឡែក​ពី​គ្នា​មួយ​រយៈពេល​ខ្លី តែ​ខាង​ប្រុស​ ​ជូរ​មាត់​ ទ្រាំ​មិនបាន ​ក៏​លប​លួច​នាំ​ស្រី​ថ្មី​មក​ដេក​ស្នាក់នៅ ទើប​ដំណឹង​នេះ​លេចឮ​ដល់​ភាគី​ប្រពន្ធ​ដែល​លែងលះ​គ្នា​មិនទាន់​ដាច់​ផង ធ្វើ​ឲ្យ​នាង​ខឹងច្រឡោត ចាប់​កំហុស​សុំ​លែងលះ​គ្នា​តែម្ដង ​កុំ​ឲ្យ​សៅហ្មង​តទៅទៀត.

ករណី​នេះ​បានកើត​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ នៅមុខ​រោងចក្រ​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សម្ដី​ភាគី​ខាង​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ (​ប្រុស​ម្នាក់​ស្រី​ម្នាក់​) បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាង​២​ឆ្នាំ ដោយ​រស់នៅ​ជាមួយគ្នា មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ទេ តែ​បាន​រៀបការ​ទទួល​ដឹងឮ​ពី​មេបា​ចាស់ទុំ​ទាំងសងខាង​ និង​ឈានដល់​បានកូន​មួយ តែ​បាន​ស្លាប់​ទៅវិញ។

ភាគី​ខាង​ប្តី​មាន ឈ្មោះ សឿន សាន អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​មុខ​រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ មាន​ទីលំនៅ​ភូមិ ឈូក​វ៉ា សង្កាត់ គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។

ចំណែក​ភាគី​ខាង​ប្រពន្ធ​ ឈ្មោះ ភឹម ស៊ី​ហ៊ាង អាយុ​៤០​ឆ្នាំ មុខរបរ​ចុងភៅ រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​អំពិល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

ក្រោយពី​រស់នៅ​ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ ជាមួយ​បុរស​នេះ អស់​រយៈពេល​ជាង​២​ឆ្នាំ រហូតមកដល់​ដើមឆ្នាំ​២០១៩​នេះ ក្នុង​គ្រួសារ ឈានទៅរក​ភាព​រង្គោះរង្គើ បែកបាក់​ស្នេហា ដោយសារ​ការរស់នៅ​មិន​ចុះ​សម្រុង​គ្នា ហើយក៏​ធ្លាប់មាន​ការប្តឹង​ផ្ដល់​គ្នា ទៅដល់​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ម្តងមកហើយ។

រហូតមកដល់​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩​នេះ ក្រោយពី​លេចឮ​ថា​ខាង​ប្តី ខណៈ​ដែល​លែងលះ​គ្នា មិនទាន់​ដាច់ស្រេច​ផង មាន​ស្រី​ថ្មី​ម្នាក់ទៀត នាំយកមក​ដេក​ស្នាក់នៅ​ជាមួយគ្នា​បាន​៥​ថ្ងៃ​មក​ហើយ ទើប​ខាង​ប្រពន្ធ បានដឹង​ហើយ​ទៅយក​សម្ភារៈ​សេសសល់ នូវ​ធុង​ទឹកកក​ចំនួន​៣​មកវិញ​ព្រោះ​ជា​របស់ខ្លួន​ទិញ ឯខាង​ប្តី​បាន​ឡូឡា រារាំង​មិន​អនុញ្ញាត​ឲ្យ​ទេ ក៏​ទាស់សម្ដី​គ្នា​ផ្អើល​ទាំង​ព្រឹក​​
រហូតដល់​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច​ចុះទៅ​ប្រមូល​លើក​ធុង​ទាំង​៣ មក​សាលាសង្កាត់ ធ្វើការ​សម្រប​សម្រួល ទីបំផុត​ទើប​ភាគី​ខាង​ប្តី​ប្រគល់​ធុង​ទាំង​៣​នោះ ឲ្យ​ទៅ​ខាង​ប្រពន្ធ ជា​ថ្នូរ​នឹង​នាំយក​ស្រី​ថ្មី មក​ជំនួស។

ភាគី​ខាង​ប្តី​វិញ បាន​លើកឡើងថា លុយកាក់ របស់របរ ចែកគ្នា​រួចរាល់​ម្ដងមកហើយ ចុះ​ហេតុអ្វី​មក​យក​ធុង​៣​នេះ​ទៀត​? តែ​ទោះជា​យ៉ាងណាក្តី ខាង​ស្រី​បានលើកឡើង​ដែរ​ថា ​ធុង​ទាំង​៣​នេះ ជា​លុយ​របស់ខ្លួន​ទិញ ទើប​មក​យកទៅ​វិញ​បែបនេះ។ ជម្លោះ​រឿង​ស្នេហា​ប្ដី​ប្រពន្ធ​១​គូ​នេះ​ វា​ហាក់​ផុយ​ស្រួយ​ណាស់ ព្រោះ​ចុងក្រោយ​បញ្ចប់​ត្រឹម​ធុង​ទឹកកក​៣ បាន​ទៅលើ​ខាង​ស្រី​ជា​ប្រពន្ធ រួច​ដើរ​ចាកចេញ​ពី​គ្នា​រៀងៗ​ខ្លួន​៕


Source: Kampuchea Thmey Daily