កាលពីថ្ងៃចន្ទ កងកម្លាំងដឹកនាំដោយពួកឃើដដែលគាំទ្រដោយការវាយប្រហារអាកាសពីក្រុមចម្រុះអន្តរជាតិបានជម្លៀសជនស៊ីវិលដែលត្រូវបានគេឃុំឃាំងធ្វើជា “ខែលមនុស្ស” បន្ទាប់ពីសម្រុកចូលមូលដ្ឋានចុងក្រោយរបស់ក្រុមជីហាដនិយមនៅភាគខាងកើតប្រទេសស៊ីរី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីនិងសម្ព័ន្ធមិត្តរបស់ខ្លួនមកពីក្រុមចម្រុះដឹកនាំដោយអាមេរិកបានបើកការវាយប្រហារទៅលើភូមិ Baghouz កាលពីចុងសប្ដាហ៍ដើម្បីបំបែករនាំងការពាររបស់អ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមក្នុងទឹកដីចុងក្រោយនៃរដ្ឋ Caliphate របស់ពួកគេ។
ប៉ុន្តែកងកម្លាំងដឹកនាំដោយពួកឃើដបាននិយាយថា ការវាយលុករបស់ពួកគេត្រូវបន្ថយល្បឿនកាលពីថ្ងៃចន្ទដោយសារតែមានជនស៊ីវិលនៅសេសសល់ក្នុងទីតាំងនោះហើយអ្នកនាំពាក្យរបស់ SDF បាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីមូលដ្ឋាននេះក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ។
អ្នកនាំពាក្យបាននិយាយថា “មនុស្សជាង៨០០នាក់ដែលបានចាកចេញពីភូមិ Baghouz ចាប់តាំងពីម្សិលមិញរហូតមកដល់ថ្ងៃនេះគឺជាសមាជិកគ្រួសារនិងយុទ្ធជនក្រុម IS ដែលចុះចាញ់”។
ការវាយលុកលើចំណុចចុងក្រោយនៃទឹកដីរបស់ក្រុម IS ត្រូវបានបន្តឡើងវិញកាលពីថ្ងៃសុក្របន្ទាប់ពីការជម្លៀសមនុស្សទ្រង់ទ្រាយធំប៉ុន្តែអ្នកនាំពាក្យម្នាក់ទៀតរបស់ SDF លោក Mustefa Bali បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការនេះកំពុងត្រូវបានរំខានដោយវត្តមានជនស៊ីវិលជាច្រើននៅក្នុងតំបន់ដែលរងការឡោមព័ទ្ធ។
លោកបាននិយាយថា “យើងកំពុងបន្ថយល្បឿននៃការវាយលុកក្នុងភូមិ Baghouz ដោយសារតែមានជនស៊ីវិលមួយចំនួនតូចកំពុងត្រូវបានគេឃុំឃាំងធ្វើជាខែលមនុស្ស”។
ការវាយប្រហារពីអាកាសចំនួនបីលើកបានវាយប្រហារភូមិ Baghouz នៅពេលព្រឹកដែលបណ្តាលឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់នៅលើមេឃ។
គួរបញ្ជាក់ជាថ្មីថា ការចាប់យកភូមិ Baghouz នឹងកត់សម្គាល់ពីការបញ្ចប់នៃការគ្រប់គ្រងទឹកដីរបស់ក្រុម IS នៅក្នុងតំបន់និងចោទជាបញ្ហាប្រឈមចំពោះ “រដ្ឋ Caliphate” ដែលធ្លាប់គ្របដណ្ដប់យ៉ាងធំសម្បើមនៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments