Ad Code

លោក​តា​អាយុ​៩៤​ឆ្នាំ​ ត្រូវ​ស្រ្តី​ចិត្តអប្រិយ​ម្នាក់​ លើក​ដៃ​វាយ​ដោយ​មិន​ញញើត ព្រោះ​រឿង​ឆ្កែ​



កណ្តាល​ ៖ ​ស្ត្រី​ម្នាក់ ​ដែល​គិតថា​សត្វ​ឆ្កែ​របស់ខ្លួន ​ត្រូវគេ​វាយ​ បាន​ស្ទុះ​យក​ដំបង​ឫស្សី​វាយ​លោកតា​ម្នាក់​ បណ្តាលឲ្យ​របួសធ្ងន់​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ចន្ទ ១៣ រោច​ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៤​ខែ​មីនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ឈ្មោះ​ លីវ ឈៀង ភេទ​ប្រុស អាយុ​៩៤​ឆ្នាំ​ ជនជាតិ​ខ្មែរ ចាស់ជរា មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​(​របួស ក្បាល​ និង​ដៃ​ឆ្វេង​)​។​

​ជនសង្ស័យ ​ឈ្មោះ ​ម៉ូ​វ ង៉ិ​ច​ហៀក ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ។​

លោក​វរសេនីយ៍ សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី ជនរងគ្រោះ​ ឈ្មោះ លីវ ឈៀង បាន​ដើរ​កាន់​ឈើច្រត់​តាមផ្លូវ​លំ កាត់មុខ​ផ្ទះ​របស់​ ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀក។ ពេលនោះ ឆ្កែ​របស់​ឈ្មោះ ​ម៉ូ​វ ង៉ិ​ច​ហៀក ចំនួន​២​ក្បាល ​បាន​ព្រុស​ខ្លាំងៗ​ចេញពី​ក្នុងផ្ទះ​មក​ដេញ​ខាំ​ជនរងគ្រោះ។ ខណៈ​នោះ ​ជនរងគ្រោះ​បាន​យក​ឈើច្រត់​របស់​ខ្លួន​យារ វាយ​ឆ្កែ​ ដើម្បី​កុំ​ឲ្យ​ឆ្កែ​ខាំ ក៏ត្រូវ​ ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀក ថា​គេ​វាយ​ឆ្កែ​របស់​ខ្លួន ក៏​យក​ដំបង​ឫស្សី​មក​វាយ​ជនរងគ្រោះ ​បណ្តាល​ឲ្យ​បែក​ចំ​ពីលើ​ក្បាល ​និង​មាន​ស្នាម​មុត​ដៃ​ចេញឈាម​ទៀត​ផង​។​

​បច្ចុប្បន្ន​ ជនរងគ្រោះ​ កំពុង​សម្រាក​ព្យាបាល របួស​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ស្វាយ​តានី​។​ ជន​សង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu