Ad Code

យុវ​សិស្ស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា មិន​ប្រយ័ត្ន​ ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​អូរ​ជុំ​



រតនគិរី ៖ មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ និង​ម៉ូតូ​បុក​គ្នា ក្នុងទិសដៅ​ស្របគ្នា ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩។

សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​យុវ​សិស្ស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា បើកបរ​ដោយ​ឈ្មោះ ឡេ សុវណ្ណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​(​រងរបួស​ស្រាល​)​​ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ ឡេ បុប្ផា ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ជាមួយគ្នា​(​រង​របួស​ស្រាល)។ ពួកគេ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ ដែល​បើក​ដោយ​​ជនរងគ្រោះ ​ឈ្មោះ លាវ រ​ត្ន័​សុធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​។​ ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ភូមិភាគ​ឦសាន ​នៃ​ខេត្តរតនគិរី​នេះ ​ភាគច្រើន​ជា​បងប្អូន​ជនជាតិដើម​ភាគ​តិច ទើប បើកបរ​ទោចក្រយានយន្ត​សព្វថ្ងៃនេះ​ បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន​ ហើយ​ថែមទាំង​មិនបាន​ពាក់មួក​សុវត្ថិភាព​ទៀត​ផង។

ពួកគាត់​មិនបាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើយ អ្នកបើកបរ​មិនបាន​កាច់​ជា​សញ្ញា​ភ្លើង​ស៊ីញ៉ូ​ឲ្យ​អ្នក​នៅ​ខាងក្រោយ ​បានឃើញ​នោះឡើយ ​ទើប​ធ្វើ​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាយថា​ហេតុ​ជា​រៀងរាល់ថ្ងៃ។

មន្ត្រី​សមត្ថកិច្ច​ជំនាញ​បាន​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ស្រុក ក្រុង​មួយចំនួន ​និង​បាន​ចែក​ខិត្តប័ណ្ណ ​និង​មួក​សុវត្ថិភាព​ឲ្យ​ពួកគាត់​បើកបរ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ការពារ​អាយុ​ជីវិតរ​បស់​ពួកគាត់​ថែម​ទៀត​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu