បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​របស់​ទីក្រុង​ស៊ីដនី​ ដែល​នេះ​ជាការ​ស្លាប់​ទី​២​ក្នុង​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង​ ហើយ​ការស្លាប់​នេះ​ បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​លក្ខខណ្ឌ​នៅក្នុង​បណ្តាញ​ឃុំឃាំង​ឈូង​សមុទ្រ​របស់​ប្រទេស​អូស្ត្រាលី។

អ្នកតស៊ូ​មតិ​ជនភៀសខ្លួន​លោក Ian Rintoul បាន​ប្រាប់ AFP ថា បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា​ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​សញ្ជាតិ​អ៊ីរ៉ាក់​គឺ​បានធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍ Villawood កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។

មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​បានបញ្ជាក់​ពី​ការស្លាប់​របស់គាត់​នៅ​ថ្ងៃ​អង្គារ​ប៉ុន្ដែ​មិនបាន​បញ្ចេញ​សេចក្តីលម្អិត​បន្ថែម​ទេ​ដោយ​គ្រាន់តែ​និយាយថា បញ្ហា​នេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​និង​អ្នកវិភាគ​សាកសព​របស់​រដ្ឋ។

លោក Rintoul បាន​និយាយ​អំពី​អ្នក​ជាប់ឃុំ​ថា “​មនុស្ស​នៅ​ខាងក្នុង​មណ្ឌល Villawood បាន​និយាយថា គាត់​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​និង​មិនបាន​ចាកចេញ​ពី​បន្ទប់​របស់គាត់​ទេ”។

ការស្លាប់​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​៦​សប្តាហ៍​បន្ទាប់ពី​អ្នក​ជាប់ឃុំ​ភេទ​ប្រុស​ម្នាក់​មកពី​ប្រទេស​ស៊ីរ៉ា​ឡេ​អូន​បាន​ស្លាប់​នៅឯ​មណ្ឌល Villawood​។ លោក Rintoul បាន​និយាយថា គាត់​ក៏​ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ផងដែរ​និង​ត្រូវបាន​គេ​ជឿថា​បានធ្វើ​អត្តឃាត។

ប្រទេស​អូស្ត្រាលី​មាន​គោលនយោបាយ​ឃុំឃាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​រួមទាំង​បទល្មើស​តូចតាច​ដូច​ជាការ​ស្នាក់នៅ​លើស​ទិដ្ឋាការ​ជាដើម។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ព្រមាន​អំពី​ការធ្វើ​ទុក្ខទោស​ខ្លួនឯង​នៅឯ​មណ្ឌល​ឃុំឃាំង​ឈូង​សមុទ្រ​និង​ឆ្នេរសមុទ្រ​អូស្ត្រាលី​ដោយ​និយាយថា ជន​ជាប់ឃុំ​កំពុងតែ​តស៊ូ​ជាមួយនឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ស្របពេល​មានការ​ឃុំឃាំង​យូរអង្វែង​ដែល​អាចមាន​រយៈពេល​រាប់​ឆ្នាំ​ឯណោះ។

មន្ត្រី​រដ្ឋាភិបាល​កាលពី​ខែ​មុន​បាន​បដិសេធថា មិនមាន​ការធ្វើ​កូដកម្ម​អត់​អាហារ​នៅ​ទូទាំង​បណ្តាញ​មណ្ឌល​ឃុំឃាំង​ដោយសារ​ស្ថានភាព​នៃ​មណ្ឌល​នេះ​ទេ​ដោយនិយាយ​បន្ថែមថា អ្នក​ជាប់ឃុំ​ត្រូវបាន​ផ្តល់​អាហារ​ដែលមាន​គុណភាព ការថែទាំ​សុខភាព​និង​សកម្មភាព​នានា​៕ AFP


Source: Kampuchea Thmey Daily