ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បញ្ជាក់​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​សម្រាប់​ថ្ងៃ​ខាងមុខ រយៈពេល​៣​ថ្ងៃ នៅ​ក្រសួងការបរទេស ដែល​សន្និបាត​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​យ៉ាងច្រើន​។



មាន​ប្រសា​ស​ន៍​ទៅកាន់​អ្នកចូលរួម​ក្នុង​អង្គសន្និបាត លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ថា បើ​គ្មាន​សន្តិភាព កុំ​និយាយ​ពី​ការ​អភិវឌ្ឍ​ន៍​ឲ្យ​សោះ ពីព្រោះ​ឆ្នាំ​១៩៧០ គឺជា​បទពិសោធន៍​សម្រាប់​កម្ពុជា​យើង ហើយ​រាជរដ្ឋាភិបាល​បាន​បែងចែក​ការងារ​សម្រាប់​ការពារ​សន្តិសុខ និង​អធិបតេយ្យភាព​របស់​ប្រទេស​។ ចំណែក​ក្រសួងការបរទេស​ក៏​មាន​មុខងារ​ប្រហាក់ប្រហែល​គ្នា តែ​សមរភូមិ​ការបរទេស គឺ​នៅ​លើ​ឆាក​អន្តរជាតិ ជា​សមរភូមិ​ការ​ទូត​។ លោក​អះអាង​ថា ការងារ​ការ​ទូត​ពិតជា​លំបាក​ណាស់ ពីព្រោះ​យើង​ត្រូវ​តស៊ូ​ក្នុង​សាធារណមតិ ការពារ​ការ​វាយប្រហារ​ណា​មួយ​ពី​បរទេស​។



លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ការពារ​យុត្តិធម៌​កម្ពុជា យើង​ត្រូវ​គាស់​ឫស ហើយ​ឫស​នេះ​ចាក់​ជ្រៅ​ណាស់ ហើយ​ចាក់​ជ្រៅ​ដោយសារ​កត្តា​ច្រើនយ៉ាង ដូចជា​កត្តា​ភូមិសាស្ត្រ​នយោបាយ បើ​គេ​មិន​ត្រូវ​ការយល់ ក៏​នៅតែ​មិន​យល់ ពាក្យ​ខ្មែរ​យើង​ហៅថា “​ចាក់ទឹក​លើ​ក្បាល​ទា​” ពីព្រោះ​ផល​ប្រ​យោ​ជ​ន៍​ភូមិសាស្ត្រ​នយោបាយ​ធំ​ជាង​អ្វីៗ​ទាំងអស់ នៅក្នុង​ការ​គិតគូរ​របស់​អ្នកនយោបាយ​។ កត្តា​ពីរ​ទៀត គឺ​ម៉ាស៊ីន​ឃោសនា ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា ម៉ាស៊ីនឃោសនា​របស់​យើង មិនអាច​ប្រៀប​ជាមួយ​ម៉ាស៊ីន​ឃោសនា​របស់លោក​ខាងលិច​បានទេ អត្ថបទ​យើង​១០ មិន​ស្មើ​អត្ថបទ​គេ​មួយ ដែល​ចុះផ្សាយ​នៅ​លើ​កាសែត​គេ​ទេ​។



ម្យ៉ាងទៀត ទីលាន​នេះ ជាទី​លាន​ដែល​គេ​កាន់កាប់​យូរហើយ យើង​ទើបតែ​ចូល​ប្រឡូក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​យើង​បាន​ខិតខំ​រៀបចំ​ទាំង​គណៈប្រតិភូ ទាំង​បេសកកម្ម​ផ្សេងៗ ដូច្នេះ​យើង​ចាញ់​ដេ​ប៉ា​គេ ដូច្នេះ​យើង​ត្រូវ​រត់​ឲ្យ​លឿន​ជាង​នេះ ដើម្បី​ឲ្យ​ទាន់​គេ​។



តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការ​ប្រកួត​ប្រជែង​របស់​មហាអំណាច​ពេលខ្លះ​ត្រូវ​ចាប់បង្ខំ​ឲ្យ​យើង​ត្រូវ​ជ្រើសរើស​ភាគី​ណា​ម្ខាង​។ ជា​បញ្ហា​មួយ​លំបាក ពីព្រោះ​ប្រទេស​យើង​បាន​ប្រកាន់យក​នូវ​គោលនយោបាយ​អព្យាក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​យើង​ចង់​ធ្វើ​មិត្ត​ជាមួយ​ប្រទេស​ទាំងអស់ មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណា​ទេ ហើយ​អ្វី​ដែល​ពិបាក​នោះ គឺ​យើង​ពិបាកធ្វើ​មិត្ត​ជាមួយ​មនុស្ស​ម្នាក់ ដោយ​នឹង​ក្លាយជា​សត្រូវ​របស់​មនុស្ស​ម្នាក់ទៀត​។ ត្រង់​នេះ​ហើយ​ដែល​យើង​ទាមទារ​នូវ​ភាពឈ្លាសវៃ ហើយ​មិន​ងាករេ​ចំពោះ​គោល​ការ​ណ៍​ជាដាច់ខាត ហើយ​ត្រូវ​អនុវត្ត​តាម​ទិស​ស្លោក​របស់​រាជរដ្ឋាភិបាល​គឺ កំណែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​។



ប្រមុខ​ការទូត​កម្ពុជា​បាន​អះអាង​ថា “​បើ​យើង​មាន​ផល​ប្រ​យោ​ជ​ន៍​អី​មួយ​សម្រាប់​គេ ទើប​យើង​មានអំណាច បើ​យើង​គ្មាន​ផល​ប្រ​យោ​ជ​ន៍​សម្រាប់​ដៃគូ​យើង​ទេ គ្មាន​តម្លៃ​សម្រាប់​គេ​ទេ ពីព្រោះ​គេ​ត្រូវ​ការ​ពឹង​យើង​វិញ បើ​គេ​ពឹង​យើង​បាន គេ​ត្រូវ​ពឹង​យើង​។ នេះ​នៅក្នុង​ទំនាក់​ទំនាក់ទំនង​អន្តរជាតិ គឺ​អីចឹង ដែល​យើង​ធ្លាប់​និយាយ​ថា រវាង​ប្រទេស និង​ប្រទេស គ្មាន​ទេ​មិត្តភាព គឺមាន​តែ​ផល​ប្រយោជន៍ គេ​គិតថា តើ​យើង​មាន​ផល​ប្រ​យោ​ជ​ន៍​អី​សម្រាប់​គេ ទើប​គេ​រាប់​យើង ក្នុង​កម្រិត​ផល​ប្រយោ​ជ​ន៍​នោះ សូម​ចង់ចាំ​បញ្ហា​នេះ​ឲ្យ​ច្បាស់​”​។



​សូម​បញ្ជាក់​ថា សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ របស់​ក្រសួងការបរទេស​មាន​រយៈពេល​៣​ថ្ងៃ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយ​បើ​តាម​កម្មវិធី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​។ សន្និបាត​ប្រចាំ​ឆ្នាំនេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារវន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើក​កំពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កំរិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។

​តាម​របាយការណ៍​ស្តីពី​សមិទ្ធផល ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ ដែល​អាន​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា មួយឆ្នាំ​បាន​កន្លង​ផុត​ទៅ សភាព​ការ​ណ៍​សាកលលោក នៅ​តែ​មាន​ការប្រែប្រួល​ឆាប់រហ័ស ស្មុគស្មាញ មិន​ច្បាស់លាស់ មិនអាច​ប៉ាន់ស្មាន​បាន ដែល​បង្កឡើង​ដោយ​ការប្រកួតប្រជែង​ដណ្តើម​ឧត្តមភាព​គ្នា​រវាង​មហាអំណាច​នានា ទាំង​នៅក្នុង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច និង​យោធា​។ ការប្រកួតប្រជែង​នេះ បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​សម្ពាធ​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ទាំង​នៅក្នុង​តំបន់​និង​នៅក្នុង​ពិភពលោក ដែលជា​ប្រការ​រុញច្រាន និង​បង្ខិតបង្ខំ​ឲ្យ​មាន​ការ​ចង ឬ​សើរើ​សម្ព័ន្ធភាព ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​។

ជា​ការ​គួរ​ឲ្យ​កត់សំគាល់ ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​មា​ហា​អំណាច​ខ្លះ និង​សម្ព័ន្ធ​មិត្ត ក្រោម​ផ្លាក​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស បាន​រុញច្រាន​ប្រទេស​មួយ​ចំនួន​ឲ្យ​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនា ជាពិសេស នៅ ស៊ី​រី យេ​មែន លី​ប៊ី អ៊ីរ៉ាក់ ។​ល​។ ហើយ​ថ្មីៗ​នេះ កំពុង​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ នៃ​ប្រទេស វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។

ជម្លោះ​នៅ​តាម​តំបន់​នានា ជាពិសេស​នៅ​អាហ្វ្រិក អាស៊ី និង​មជ្ឈិម​បូព៌ា នៅ​មិនទាន់​រលត់ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ប៉ះទង្គិច​គ្នា ដោយ​ជម្លោះ កា​ស្មៀ​រ ឯ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល នៅតែ​បន្ត​ជាប់ផុង​ក្នុង​ជម្លោះជាតិសាសន៍ និង​ទឹកដី​រក​ទី​បញ្ចប់​មិនឃើញ​។



ទន្ទឹម​នឹង​នេះ ការ​ដកខ្លួន​ចេញ​របស់​សហរដ្ឋអាមេរិក ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​(INF) កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​អន្តរ​-​ប៉ាស៊ីហ្វិក​(TPP) ជាពិសេស​ការ​ដកខ្លួន​ចេញ​របស់​សហរដ្ឋអាមេរិក​ពី​អង្គការ​អន្តរជាតិ​សំខាន់ៗ ដូចជា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​(UNHRC) និង​អង្គការ​យូណេស្កូ (UNESCO) ព្រមទាំង​ការ​គំរាម​ដកខ្លួន​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​របៀបរបប​អន្តរជាតិ និង​ប្រ​ព័​ន្ធ​ពហុភាគី​និយម ក៏ដូចជា​កិច្ចប្រឹងប្រែង​របស់​សហ​គម​ន៍​អន្តរជាតិ​ក្នុង​ការ​រក្សា​ការពារ សន្តិភាព និង​សន្តិសុខ និង​កិច្ច​អភិវឌ្ឍ ក្នុង​ពិភពលោក​។ ដោយឡែក ការអនុវត្ត​នយោបាយ​គាំពារ​និយម​របស់​សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​ក្លា​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ជាមួយនឹង​ចិន​។

ទឹកដី​មាតុភូមិ​កម្ពុជា​យើង ដែល​ស្ថិតនៅ​ចំណុច​យុទ្ធភូមិ​សាស្ត្រ​របស់​ប្រទេស​មហាអំណាច មិនអាច​គេច​ផុត​ពី​ការ​ទទួលរង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ទាំងនោះ​បានទេ​។ ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិចកល ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស សំដៅ​ចាប់បង្ខំ​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់ខ្លួន​។ ពួកគេ ធ្វើ​មិនដឹងមិនឮ​ចំពោះ​សកម្មភាព​របស់​ក្រុម​អគតិ​មួយចំនួន នៅក្នុង​ការ​បំពក់​ការ​ស្អប់ខ្ពើម ញុះញង់ ប្រកាន់ពូជសាសន៍ បំពាន​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ បំបែកបំបាក់​សង្គមជាតិ អនុវត្ត​បដិវត្ត​ពណ៌​សំដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​៕



Source: Kampuchea Thmey Daily