Ad Code

ឥណ្ឌា ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ប៉ា​គី​ស្ថាន



ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា ​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ កងទ័ពអាកាស​ឥណ្ឌា​ បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា​របស់​ប៉ា​គី​ស្ថាន​មួយគ្រឿង​ ដែល​បាន​វង្វេង​លើ​ព្រំដែន​របស់ខ្លួន​ខណៈ​ភាព​តានតឹង​បន្ត​កើនឡើង​ខ្ពស់​រវាង​គូសត្រូវ​ទាំងពីរ។

សេចក្តីរាយការណ៍​ដែល​លើកឡើង​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា យន្តហោះ​ចម្បាំង Sukhoi-30 របស់​ឥណ្ឌា​បាន​បាញ់​ទម្លាក់​យាន​គ្មាន​មនុស្ស​បើក (UAV) ជាមួយនឹង​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​នៅក្បែរ​ទីក្រុង Bikaner ក្នុង​រដ្ឋ Rajasthan ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប៉ា​គី​ស្ថាន។

ទីភ្នាក់ងារ​ព័ត៌មាន Press Trust of India (PTI) បាន​រាយការណ៍​ថា នេះ​គឺជា​ការប៉ុនប៉ង​លើក​ទី​២​របស់​ប៉ា​គី​ស្ថាន​ក្នុងការ​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​ចូល​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​៦​ថ្ងៃ​ចុងក្រោយ​បន្ទាប់ពី​យន្តហោះ​មួយគ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ។

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​មតិយោបល់​ជា​ផ្លូវការ​ពី​ភាគី​ណាមួយ​ទេ​។​
​កាលពី​សបា្ដហ៍​មុន ប្រទេស​អាស៊ី​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​បាន​ប្រឈមមុខ​ដាក់គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ក្នុង​តំបន់​កា​ស្មៀ​រ​ខាង​ឥណ្ឌា​បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ឥណ្ឌា​ចំនួន​៤០​នាក់។

ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​ថ្ងៃទី​១៤​ខែកុម្ភៈ​ហើយ​១២​ថ្ងៃ​ក្រោយមក យន្ដហោះ​ឥណ្ឌា​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​អ្វីដែល​ក្រុង​ញូវដែលី​ហៅថា​ជា​ជំរំ​ហ្វឹកហាត់​ភេរវកម្ម​មួយ​នៅ​ខាងក្នុង​ប្រទេស​ប៉ា​គី​ស្ថាន។

នៅ​ថ្ងៃ​បន្ទាប់ យន្តហោះ​ប៉ា​គី​ស្ថាន​បាន​ចូល​ដែនអាកាស​ឥណ្ឌា​វិញ​ម្តង​ហើយ​យន្ដហោះ​នៃ​ប្រទេស​ទាំង​ពីរបាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​តាម​អាកាស​ដោយ​យន្តហោះ​ឥណ្ឌា​មួយគ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ហើយ​អ្នកបើក​យន្តហោះ​របស់ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ា​គី​ស្ថាន។

អ្នកបើក​យន្តហោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា​វិញ​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​អ្វីដែល​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan ហៅថា​ជា “​កាយវិការ​សន្តិភាព​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu