តាកែវ ៖ ទីតាំងស្តុកសត្វជ្រូក ដែលឈ្មួញលួចនាំចូលមកពីប្រទេសវៀតណាម ត្រូវបានមន្ត្រីជំនាញសហការគ្នាចុះបង្ក្រាប និងរឹបអូសសត្វជ្រូកបានមួយចំនួន។
ដោយអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល ស្ដីពីការទប់ស្កាត់រាល់ការនាំសត្វជ្រូករស់ចូល មកពីប្រទេសវៀតណាម ដោយខ្លាចឆ្លងជំងឺឆ្កួតជ្រូកអាហ្វ្រិកនោះ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មសត្វខេត្តតាកែវ សហការជាមួយលោកឧត្ដមសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និង លោក ហ៊ុន សារ៉ាត់ ប្រធានការិយាល័យត្រួតពិនិត្យអនាម័យបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការចុះត្រួតពិនិត្យឃ្លាំងមួយកន្លែង និងរឹបអូសសត្វជ្រូក ដែលឈ្មួញលួចនាំចូលមកដោយខុសច្បាប់ បានមួយករណី នៅក្នុងភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
លោក ថៃ លី នាយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីមានសារាចរណែនាំពីរដ្ឋមន្ត្រី និងអគ្គនាយកដ្ឋាននោះ កម្លាំងរបស់លោកតែងតែចុះល្បាត និងពិនិត្យនៅតាមច្រករបៀង ដែលឈ្មួញបាននាំជ្រូកចូលមកនាពេលកន្លងមក គ្រប់ច្រកល្ហក ជាប្រចាំផងដែរ។
លោកបានបន្តទៀតថា ចំពោះឈ្មួញ និងជាម្ចាស់ទីតាំងដែលបានលួចនាំជ្រូកចូលមកស្តុបទុក ដើម្បីធ្វើការចែកចាយដល់ទីតាំងសត្តឃាតសម្រាប់កាប់សាច់លក់នោះមាន ឈ្មោះ សាន រ៉ា ភេទប្រុស រស់នៅភូមិ/ឃុំខាងលើ ហើយសត្វជ្រូកដែលចាប់បានជាក់ស្ដែងមានចំនួន២៥ក្បាល។
ដោយឡែក មន្ត្រីពេទ្យសត្វខេត្តម្នាក់ បានលួចខ្សឹបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ កម្លាំងជំនាញពេទ្យសត្វមានគ្នាតិចណាស់ និងមានផលលំបាកក្នុងកាទប់ស្កាត់ឈ្មួញដែលបានលួចនាំចូលជ្រូកពីប្រទេសវៀតណាម ហើយបើងាកមកមើលកម្លាំងសមត្ថកិច្ចផ្សេងវិញ មិនបានចូលរួមសហការគ្នាជាមួយជំនាញពេទ្យសត្វឡើយ គឺពួកគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូចជាករណីនេះអញ្ចឹង។
ក្រោយពីបង្ក្រាបទៅលើទីតាំងស្តុកសត្វជ្រូក និងរឹបអូសវត្ថុតាង កម្លាំងជំនាញ បាននាំយកសត្វជ្រូកទាំងអស់នោះ មករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments