នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិកក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន សមាជិករបស់ក្លិបTerengganu FA។
ចំណែកកីឡាករ ចាន់ វឌ្ឍនាកា វិញធ្លាប់បានរកគ្រាប់បាល់ឲ្យក្រុម PKNS របស់ខ្លួនបាន១គ្រាប់ហើយនៅពេលនេះរូបគេស្ថិតនៅក្នុងបញ្ជីកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានសម្រេចច្រើនជាងគេ (Top Assists) បន្ទាប់ពីកីឡាករជនជាតិអង់គ្លេស Lee Tuck របស់ក្លិប Terengganu FC បាន៤លើកម្នាក់ឯងកីឡាករ ប្រេស៊ីល Diogo របស់ក្លិប JDT បាន៣លើកម្នាក់ឯង និងស្មើគ្នាជាមួយកីឡាករ Baddrol Bakhtiar របស់ក្រុមKedah FA កីឡាករ Faiz Nasir របស់ក្រុម Selangor និងកីឡាករ Ze Love របស់ក្រុម JDT ដែលមាន២លើកដូចគ្នា។
សូមរំលឹកថា រដូវកាលឆ្នាំ២០១៩ នៅលីគកំពូលប្រទេសម៉ាឡេស៊ីមានសមាជិកចំនួន១២ក្រុម ដែលត្រូវប្រកួតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមទាំង១២ត្រូវប្រកួតសន្សំពិន្ទុចំនួន២ជើង ហើយក្រុមជើងឯកទទួលកៅអីទៅលេងវគ្គចែកពូលពានរង្វាន់កម្រិតទ្វីបអាស៊ី (AFC Champions League group stage) និងក្រុមជើងឯករងទទួលបានកៅអីចូលលេងវគ្គជម្រុះពានរង្វាន់ AFC Champions League ជុំទី២។ ចំណែកក្រុមបាតតារាងចំនួន២ក្រុម វិញត្រូវធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២Malaysia Premier League។
សម្រាប់ប្រកួតបន្ទាប់ក្នុងសប្ដាហ៍ទី៧ វិញនឹងធ្វើឡើងនៅចុងខែមីនា នេះដោយក្រុម Terengganu FA ត្រូវប៉ះម្ចាស់ផ្ទះ Selangor នៅវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានStadium Shah Alam ក្នុងទីក្រុង Shah Alam។ ចំពោះក្រុម PKNS ត្រូវធ្វើដំណើរទៅប៉ះក្រុមPetaling Jaya Cityនៅវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានStadium Petaling Jaya ក្នុងទីក្រុង Petaling Jaya។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាល ហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments