ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច៨៩នាក់ ត្រូវបានគេដឹងថា ស្លាប់បន្ទាប់ពីទឹកជំនន់ឡើងភ្លាមៗនិងការបាក់ដីបានវាយប្រហារតំបន់ប៉ាពួរបស់ប្រទេសឥណ្ឌូនេស៊ី ហើយចំនួនអ្នកស្លាប់ត្រូវបានគេគិតថានឹងកើនឡើងបន្ថែមទៀត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលនៅតែកំពុងបាត់ខ្លួនជាច្រើននាក់។
មនុស្សជាច្រើននាក់ក៏បានរងរបួសផងដែរនៅក្នុងគ្រោះមហន្តរាយនេះដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ខណៈមនុស្ស៦,៨០០នាក់ត្រូវបានគេជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ននានា។
យោធាបានចាប់ផ្តើមភារកិច្ចដ៏គួរឲ្យរន្ធត់នៃការដាក់សាកសពដែលប្រឡាក់ដោយភក់ចូលទៅក្នុងថង់ខណៈការស្វែងរកត្រូវរារាំងដោយគំនរនៃកំទេចកំទីរួមទាំងដុំថ្មនិងដើមឈើដែលដួលរលំផងដែរ។
មនុស្សចំនួន៧៧នាក់នៅតែបាត់ខ្លួនខណៈពេលដែលមនុស្សប្រមាណ១៥០នាក់បានរងរបួសបាក់ឆ្អឹង មុតនិងរងរបួសផ្សេងៗទៀត។
អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Sutopo Purwo Nugroho បាននិយាយថា “មនុស្សជាច្រើនបានសម្រេចចិត្តស្នាក់នៅក្នុងជម្រកពីព្រោះពួកគេនៅតែតក់ស្លុតនិងភ័យខ្លាចអំពីទឹកជំនន់ដែលអាចកើតឡើងភ្លាមៗជាបន្តទៀត”។
រដ្ឋាភិបាលបានចេញនូវភាពអាសន្នរយៈពេល១៤ថ្ងៃនៅក្នុងតំបន់ប៉ាពួដែលមានព្រំប្រទល់ជាមួយប្រទេសប៉ាពួញូហ្គីណេភាគខាងជើងប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ជាថ្មីថា ទឹកជំនន់គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ីជាពិសេសអំឡុងរដូវវស្សាដែលមានចាប់ពីខែតុលាដល់ខែមេសា។
កាលពីខែមករា ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងតិច៧០នាក់នៅលើកោះ Sulawesi ខណៈនៅដើមខែនេះ មនុស្សរាប់រយនាក់ក្នុងខេត្តជ្វាខាងលិចត្រូវបង្ខំឲ្យជម្លៀសនៅពេលភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរ មនុស្សបីនាក់ត្រូវបានសម្លាប់រួមទាំងភ្ញៀវទេសចរម៉ាឡេស៊ីពីរនាក់ផងដែរហើយមនុស្ស១៨២នាក់ទៀតត្រូវរងរបួសបន្ទាប់ពីការរញ្ជួយដីថ្ងៃអាទិត្យបានបង្កឲ្យមានការបាក់ដីលើកោះទេសចរណ៍ Lombok របស់ប្រទេសឥណ្ឌូនេស៊ីជាប់កោះបាលី៕ AFP
Source: Kampuchea Thmey Daily
0 Comments