Ad Code

សំណុំរឿង​នាង ហ្គិ​ច សម្បូរ​រឿងអាស្រូវ​ត្រូវ​តុលាការ​ខេត្តកណ្តាល​លើក​ពេល​ប្រកាស​សាលក្រម



កណ្តាល ៖ ជនជាប់ចោទ​ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន​និង​ធ្លាប់​ជាប់ពន្ធនាគារ​ផង​ដែរ​នោះ​ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ មន្ត្រី​ពន្ធនាគារ​ជាច្រើន​នាក់ បាន​អមដំណើរ​និង​យាមកាម​យ៉ាង​ចិត្ត​ទុកដាក់ បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ស្តាប់​ការសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស តែ​ដោយសារ​អវត្តមាន​របស់​លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ជំនុំជម្រះ​និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល ជាប់​សន្និបាត​បូកសរុប​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តកណ្តាល​ក៏​ត្រូវ​លើក​ពេល​ប្រកាស​។​នេះ បើតាម​ការបញ្ជាក់​ពី​លោក សូរ សារិន ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តកណ្តាល​។



​សំណុំរឿង​ជំនុំជំរះ​នេះ​មាន​លោក ហុក វ៉ាន់​ធី​ណា ជា​ចៅក្រម​ជំនុំជម្រះ​និង​មានការ​ចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ​។

ជនជាប់ចោទ​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ត្រូវបាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​បី​បទល្មើស​” ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង គំរាមកំហែង​ថា​នឹង​សម្លាប់ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​”​ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​និង​ក្តា​កុង​ផ្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៦៣០ ,២៣៣ ,៤១៣​នៃ​ក្រមព្រហ្មទណ្ឌ។



គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ គឺ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បានកើត​ឡើង ទើប​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ជួយ​ពន្លត់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទ័ព​ឆត្រយោង​៩១១ អស់ពី​រគ្រឿង ប្រើប្រាស់​ឡានទឹក អស់​៦​គ្រឿង ទើប​រលត់​ជា​ស្ថាពរ។

តាម​សាក្សី​បំភ្លឺ​ឈ្មោះ​ឃឿន ធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ គឺ​បានឃើញ​រថយន្ត​មួយគ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​ចូលទៅ​ដុត​ឈើ ហើយ​បាន​គំរាម​មិន​ឲ្យចូល​ពន្លត់ភ្លើង​កំពុង​ឆេះ​នោះទេ ដោយ​ប្រពន្ធ​ម្ចាស់​រោងចក្រ ឈ្មោះ កែវ រតនៈ ហៅ​ហ្គិ​ច បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាកលេខ ខម​-៦៧៦២ ជា​អ្នក​ដុត។



បន្ទាប់ពី​បង្កហេតុ​រួច នាង​ហ្គិ​ច បើកឡាន​រត់​គេ​ចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​មកវិញ។ នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការអុកឡុក​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។ កាលពី​ដប់​ឆ្នាំមុន ស្ត្រី​រូបនេះ​ធ្លាប់បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​រូប​នេះ​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​ពីរ​រូប ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ​ដាក់​ពន្ធនាគារ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu