Ad Code

អ្នកនាំពាក្យ​ថា នៅ​ពេល​នេះ គឺជា​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ឥស្សរជន​ដទៃទៀត ដែល​នៅ​មិនទាន់​បាន​ដាក់​ពាក្យសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ



ភ្នំពេញ ​៖ ដោយ​មើលឃើញថា អតីត​តំណាងរាស្ត្រ ក៏ដូចជា​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ បាន​ដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា នៅពេលនេះ គឺជា​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ឥស្សរជន​ដទៃទៀត ដែល​នៅ​មិនទាន់​បាន​ដាក់​ពាក្យសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ពីព្រោះ ពេលវេលា​មិន​នៅ​រង់ចាំ​មនុស្ស​នោះទេ​។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អតីត​តំណាងរាស្ត្រ ក៏ដូចជា​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប​ហើយ បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​មួយចំនួន​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ផងដែរ​។

តាម​លោក សុខ ឥសាន ពេលវេលា គឺជា​មាសប្រាក់ ពេលវេលា​ចេះ​តែ​ធ្វើ​ដំណើរ​ទៅមុខ​ឥត​ឈប់ ឬ​បង្អង់​រង់ចាំ​អ្វី​ឡើយ អាយុ​ក៏​ចេះតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប្រទេស​ក៏​ចេះតែ​ការ​អភិវឌ្ឍន៍​រីកចម្រើន​ទៅមុខ ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរឡើង​ស្របតាម​សំណូមពរ​ត្រូវការ​។ លោក​បញ្ជាក់​ថា “​ចំពោះ​អ្នកនយោបាយ ក៏មាន​ពេល​កាន់តែ​តិច​ទៅៗ​ក្នុងការ​ចាប់​យក​ឱកាស​ធ្វើ​នយោបាយ​របស់​ខ្លួន ជាពិសេស​ឥស្សរជន​នយោបាយ​រប​ស់​អតីត​បក្សប្រឆាំង ដែល​ត្រូវ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ដោយ​តុលាការ​”។

លោក សុខ ឥសាន អះអាង​ថា នៅក្នុង​បរិបថ ដែល​ពេលវេលា​ចេះតែ​ដើរទៅ​មុខ មាន​ឥស្សរជន​មួយចំនួន​បាន​រូតរះ​ដាក់​ពាក្យសុំ​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ និង​បានទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​រួចហើយ​។ ដូច្នេះ​នៅពេលនេះ គឺជា​ឱកាស​មាស ឱកាស​ពេជ្រ​សម្រាប់​ឥស្សរជន​ដទៃទៀត ដែល​នៅ​មិនទាន់​បានដាក់​ពាក្យសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយមាន​ហេតុផល​ផ្សេងៗ​រៀងខ្លួន​។ លោក​បញ្ជាក់ទៀតថា ឥឡូវនេះ ពេលវេលា​អត់​នៅ​រង់ចាំ​យើង​នោះ​ទេ ឱកាស​មាស ឱកាស​ពេជ្រ ក៏​មិនមែន​ចេះតែ​មាន​គ្រប់ពេល​ដែរ ដូច្នេះ​អ្នក​ដែល​មិនទាន់​ដាក់ពាក្យ គួរតែ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ទាន់​ពេល​វេលា ហើយក៏​មិន​គួរ​នៅ​បន្ត​ផ្ញើ​ជីវិត​នយោបាយ​លើ​អ្វីដែល​មិន​ទៀត​ទាត់​នោះដែរ​។

សូម​បញ្ជាក់​ថា ការ​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​របស់​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ដែល​ច្បាប់​នេះ បាន​បើកផ្លូវ​ឲ្យ​ជន​ទាំងឡាយណា ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បិទផ្លូវ​តវ៉ា​នោះ មាន​ច្រក​ដើម្បី​សុំ​នីតិ​សម្បទា​យោ​បាយ​ឡើងវិញ តាមរយៈ​ការស្នើសុំ​របស់​នាយករដ្ឋ​មន្ត្រី​។

រហូតមកដល់​ពេលនេះ អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៩​នាក់​ហើយ ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ក្នុង​នោះ​រួមមាន ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង ទី​៣, លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទី​៤, លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៥, លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៦, លោក អ៊ូ ចាន់​រ័ត្ន អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៧, លោក ច័ន្ទ សិលា ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៨, លោកស្រី ទេព សុ​ទ្ធី អតីត​តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៩, លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu