Ad Code

នាយករង​សាលា​ឯកជន​ម្នាក់​ល្បួង​រំលោភ​កូនសិស្ស​ខ្លួនឯង ជាង​១​ឆ្នាំ​ ទើប​បែកការណ៍



ភ្នំពេញ ៖ គ្រូបង្រៀន​សាលា​ឯកជន ម្នាក់ និង​ជា​នាយករង​ផង​ដែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ថា​ លោកគ្រូ​ម្នាក់នេះ ពីបទ​ល្បួង​កូនសិស្ស​ស្រី​មិនទាន់​គ្រប់​អាយុ​យកទៅ​រំលោភ​នៅ​ក្នុង​បន្ទប់​ការិយាល័យ និង​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​តាំងពី​ឆ្នាំ​២០១៨ មក​នោះ។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ត្រូវ​ជនសង្ស័យ​ល្បួង យក​ទៅ​រំលោភ នៅផ្ទះ​សំណាក់​ភ្នំ​មាស តាមផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បន្ដបន្ទាប់​តាំងពី​ចុងឆ្នាំ​២០១៨​មក​ម្ល៉េះ ទើប​មកដល់ពេលនេះ បែកការណ៍​ដោយសារ​ឪពុកម្ដាយ​សួរដេញដោល ក្រោយពី​មានការ​សង្ស័យ។

ក្មេងស្រី​រងគ្រោះ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ ឈ្មោះ ចិន មករា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​គ្រូបង្រៀន ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ភាសា​សាស្ត្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ដំបូង​ជនសង្ស័យ​ជា​គ្រូបង្រៀន បាន​ជិះ​ម៉ូតូឌុប​ក្មេងស្រី​រងគ្រោះ ចូលទៅ​ជួល​បន្ទប់ រួច​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ ហើយ​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ បានសម្រេច​មួយ​លើក ហើយ​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ថា ទៅវិញ​កុំ​និយាយប្រាប់​ក្រុម​គ្រួសារ និង​អ្នកដទៃ បើ​ហ៊ាន​ប្រាប់​គេ​សម្លាប់ចោល។

សមត្ថកិច្ច​បន្ត​ថា កាលពី ល្ងាច​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​ក្មេងស្រី​ម្នាក់ ត្រូវ​ជនសង្ស័យ​ល្បួង យកទៅ​រំលោភ នៅផ្ទះ​សំណាក់​ភ្នំ​មាស តាមផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​រួច​ម្តង​ហើយ​។ លុះដល់​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ ឲ្យ​ទៅ​ជួយ​រៀបចំ​ឥវ៉ាន់​នៅក្នុង​សាលា ពេល​ក្មេងស្រី​រងគ្រោះ​ទៅដល់ ជនសង្ស័យ​បាន​នាំចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​រងគ្រោះ បានសម្រេច​មួយលើកទៀត ហើយ​និយាយ​គំរាម​សម្លាប់​បើសិន​ហ៊ាន​និយាយប្រាប់​គេ​ឲ្យ​ដឹង​។

រហូតមកដល់​ល្ងាច ទី​១៦ ខែ​មិនា ឆ្នាំ​២០១៩ ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ ដោយមាន​ការសង្ស័យ​ឃើញ ក្មេងស្រី​រងគ្រោះ មាន​សភាព​ស្ងៀមស្ងាត់ សំងំ​តែ​ក្នុង​បន្ទប់ ហើយ​និយាយ​ថា ចង់តែ​ស្លាប់ ទើប​ក្រុមគ្រួសារ បាននាំគ្នា​សួរនាំ ហើយ​ក្មេង​រងគ្រោះ​ប្រាប់​រឿងរ៉ាវ​ដល់​ឪពុកម្តាយ និង​ក្រុមគ្រួសារ​ឲ្យ​បានដឹង​ពី​ដំណើររឿង​។

ក្រោយមក​នៅ​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩ ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ បាន​នាំ​ក្មេងស្រី​រងគ្រោះ មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ខណ្ឌដង្កោ​ដែលជា​ទីលំនៅ​របស់​នាង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បាន​ត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ជា​កន្លែង​សាលារៀន រួម​នឹង​វត្ថុតាង ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា ចុច​ពិល ពណ៌​ក្រហម​លាយ​ខ្មៅ យកមក​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu