ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយសហជីព សមាគមនិយោជក និងអង្គការពាក់ព័ន្ធដទៃទៀត បានបើកកិច្ចសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ លើសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមការងារកសាងច្បាប់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការការ (ILO) ដែលបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិនេះឡើង ក្នុងគោលបំណង ១) ផ្សព្វផ្សាយនិងបង្ហាញខ្លឹមសារនៃសេចក្តីព្រាងប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក និង ២) ប្រមូលធាតុចូលបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការឯកភាព និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធានាឲ្យបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថា្នក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ឲ្យមានលក្ខណៈកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានបន្តថា ច្បាប់ស្តីពីសហជីព គឺជាក្របខណ្ឌគតិយុត្តមួយដែលមានគោលដៅ៖ ១) ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត, ២) ធានានូវសិទ្ធសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក, ៣) ជំរុញឲ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ៤) រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ។
ដើម្បីធានាឲ្យការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសចំនួន៤ នៅក្នុងឆ្នាំ២០១៦ ដែលរួមមាន៖១. ប្រកាសស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក។២. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព។
៣. ប្រកាសស្តីពីនីតិវិធី នៃការធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្ត្រី ដែលបានប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព។៤. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។
យោងតាមរបាយការណ៍ នៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ក្រសួងការងារក៏បានដាក់ចេញប្រកាសចំនួន៤ បន្ថែមទៀត នៅក្នុងឆ្នាំ២០១៨ ដើម្បីធានាការអនុវត្តច្បាប់នេះឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖១. ប្រកាសស្តីពីនីតិវិធីនៃការបង់ប្រាក់ភាគទានសហជីព និងប្រាក់សេវាភ្នាក់ងារ។២. ប្រកាសស្តីពីបែបបទនៃការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុរបស់សហជីព ឬសមាគមនិយោជក។៣. ប្រកាសស្តីពីប្រតិភូបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថាននិង៤. ប្រកាសស្តីពីភាពជាតំណាងបំផុតនៃសហជីព និងបែបបទនីតិវិធី ដើម្បីទទួលបានភាពជាតំណាងបំផុត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីធានាការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត និងនិយោជក ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការចរចាជាសមូហភាព ដើម្បីចុះអនុសញ្ញារួម ក្រសួងការងារបានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកស្របតាម មាត្រា៧២ នៃច្បាប់ស្តីពីសហជីព ដែលជាកម្មវត្ថុនៃសិក្ខាសាលាថ្ងៃនេះ៕
Source: Kampuchea Thmey Daily
0 Comments