ភ្នំពេញ ៖ លោកពេជ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនៅថ្ងៃទី១៩ ខែមីនានេះលោកបានបន្តចុះសាកសួរសុខទុក្ខដល់គ្រួសារមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលកំពុងមានជំងឺនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំនិងក្រុមការងាររបស់សាលាខណ្ឌបានចុះសាកសួរសុខទុក្ខនិងយកអំណោយមកផ្តល់ជូនគ្រួសារមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ។
លោកអភិបាលខណ្ឌមានជ័យបានបញ្ជាក់ទៀតថា កាលពីសប្តាហ៍មុនខ្ញុំបានចុះសួរសុខទុក្ខនិងយកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជំងឺស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ដែលក្នុងនោះលោកក៏បាននាំយកគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យព្យាបាលជំងឺជូនចាស់ៗដោយឥតគិតថ្លៃទៀតផង។ ហើយនៅថ្ងៃនេះ លោកបានមកសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោមជាបន្តទៀត។ ចំពោះប្រភេទជំងឺដែលលោកអភិបាលខណ្ឌមានជ័យចុះសាកសួរសុខទុក្ខជារៀងរាល់សប្តាហ៍នេះគឺភាគច្រើនជាជំងឺលើសឈាម ឡើងជាតិស្ករ ឡើងអាស៊ីត ឡើងខ្លាញ់និងខ្លាញ់រុំបេះដូង។
ក្នុងពេលចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមមេត្តាថែទាំសុខភាព ពិសេសនៅខែមីនា មេសានិងខែឧសភាខាងមុខគឺប្រទេសយើងជួបគ្រោះរាំងស្ងួតហើយមានកំដៅឡើងខ្ពស់ធ្វើឲ្យមនុស្សចាស់និងក្មេងតូចៗងាយនិងកើតជំងឺណាស់។ ហើយម្យ៉ាងទៀតក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាអគ្គិភ័យនិងកើតមានឡើងសមនិងកំដៅឡើងខ្លាំងទៀតផង។
ប្រជាពលរដ្ឋបានសំដែងនូវការដឹងគុណ ដល់លោកអភិបាលខណ្ឌមានជ័យដែលតែងតែចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងមានជំងឺនិងខ្វះខាតជីវភាពដោយលោកអភិបាលខណ្ឌបាននាំយកអំណោយមកផ្តល់ដល់ប្រជាពលរដ្ឋមិនឲ្យខ្វះខាតឡើយ៕
Source: Kampuchea Thmey Daily
0 Comments