​ភ្នំពេញ​ ៖​ នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ ដែល​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (EU/Asian Investment Facility (AIF) ចំនួន ១១,៥​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ១៣ លាន​ដុល្លារ​អាមេរិក ដែល​គ្រប់គ្រង​ដោយ AFD សម្រាប់​ធ្វើ​សហ​ហិរញ្ញប្បទាន​រួមគ្នា​ជាមួយ​ឥណទាន​សម្បទាន​របស់ AFD ដែល​បាន​ចុះហត្ថលេខា​កាលពី​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងមក​។ ជា​រួម​កម្មវិធី​នេះ​នឹង​រួមចំណែក​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក​និង​ឧតុនិយម ឆ្នាំ​២០១៨-២០២៣ របស់​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង​បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០១៩ នេះ ដែល​ខាង​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ខាង​ភាគី​បារាំង​តំណាង​ដោយ​លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​។



កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផង​ដែរ​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​នេះ គឺ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​ជាមួយនឹង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ហើយ​កិច្ចប្រជុំ​នេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ក្រាស់ក្រែល​ដល់​ទំនាក់ទំនង​ដ៏​យូរអង្វែង​ប្រទេស​ភាគី​ទាំងពីរ ដែល​បាន​គ្របដណ្តប់​លើ​ស្ទើរ​គ្រប់​វិស័យ​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​២ បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ នៅ​ទីក្រុង​ប៉ារីស​។



លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ នេះ គឺជា​បង្គោល​ចរ​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ច​អភិវឌ្ឍ​ដ៏​យូរលង់​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ហើយ​កិច្ចប្រជុំ​នេះ​នឹង​កំណត់​នូវ​ទិសដៅ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​បណ្តា​ឆ្នាំ​ខាងមុខ ដើម្បី​ដោះស្រាយ​និង​បំពេញតម្រូវការ​ខាង​ផ្នែក​អភិវឌ្ឍន៍​របស់​កម្ពុជា ជាមួយនឹង​ធនធាន​និង​ការគាំទ្រ​ផ្តល់​ដោយ​រដ្ឋាភិបាល​បារាំង ក៏ដូចជា​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ដែលមាន​ស្រាប់​។ លោក​បាន​បន្ត​ថា ការ​សម្រេចបាន​របស់​កម្ពុជា​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន ជាពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​មធ្យម ៧,៧% ក្នុង​មួយឆ្នាំ ប្រកបដោយ​គុណភាព ក្នុង​រយៈពេល​ពីរ​ទសវត្ស​កន្លង​មក​នេះ គឺ​មិនអាច​កាត់​ផ្តាច់​ពី​តួនាទី​ដ៏​សំខាន់​របស់​បារាំង​បាន​ឡើយ ចាប់តាំងពី​ការ​កសាង​សន្តិភាព រហូតដល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ផ្នែក​សេដ្ឋកិច្ច បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាពិសេស​ការ​គាំទ្រ​រប​ស់​បារាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជារ​ហូត​មក​។ គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​បច្ចុប្បន្ន​, ភាគី​មិត្ត​បារាំង​បានផ្ដល់​ហិរញ្ញប្បទាន​សរុប​ដល់​កម្ពុ​ជា​ប្រមាណ​ជាង ៦៤១​លាន​អឺរ៉ូ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​ប្រមាណ ២៩១,៥ លាន​អឺរ៉ូ​, ឥណទាន​គ្មាន​ការធានា​ពី​រដ្ឋ​ចំនួន​ប្រមាណ ១៦៧ លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ ១៨២,៥​លាន​អឺរ៉ូ​។

​លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍​សំដែង​នូវ​អំណរ​សាទរ ចំពោះ​គោលនយោបាយ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​បារាំង ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា ដើម្បី​សម្រេច​ចក្ខុវិស័យ​ក្លាយខ្លួនជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការបង្កើន​ទំហំ​នៃ​ការផ្តល់ ODA របស់​បា​រំ​ង រហូតដល់ ០,៥៥ នៃ ផសស នៅ​ឆ្នាំ​២០២២ របស់​លោក​ប្រធានាធិបតី ម៉ា​ក្រុង​។ លោក​បានស្នើ​សុំ​ដល់​ភាគី​បារាំង​ក្នុង​ការបន្ត​ផ្តល់​កម្ចីសម្បទាន​អនុគ្រោះ​ដល់​កម្ពុជា​ជា​បន្តទៀត ទោះបី​កម្ពុជា​បាន​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ទៅ​ហើយ​ក្តី និង​ស្នើ​ភាគី​បារាំង​បង្កើន​ទំហំ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រចាំឆ្នាំ ស្របទៅនឹង​បរិការណ៍​នៃ​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​របស់​កម្ពុជា ក៏ដូចជា​ដើម្បី​អនុវត្ត​គម្រោង​ធំៗ​មួយចំនួន ដែលមាន​បច្ច័យ​ធំ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា ព្រមទាំង​ស្នើសុំ​ភាគី​ជួយ​លើ​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។



នាឱកាស​នោះដែរ លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា នៅក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ រដ្ឋាភិបាល​បារាំង​បាន​បង្កើន​នូវ​ទំហំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដល់​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់ រហូត​ឡើងដល់​កម្រិត ១០០ លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​។ លោកស្រី​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា បារាំង​នឹង​បន្ត​ផ្តល់នូវ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជា​បន្តទៅទៀត ហើយ​លោកស្រី​សង្ឃឹមថា កម្ពុជា​នឹងមាន​លទ្ធភាព​ស្រូបយក​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​កាន់តែច្រើន​ថែមទៀត​ពី​គោលនយោបាយ​បង្កើន​ទំហំ​នៃ​ការផ្តល់ ODA របស់​បា​រំ​ង​រហូតដល់ ០,៥៥ នៃ ផសស នៅ​ឆ្នាំ​២០២២ របស់​ប្រធានាធិបតី ម៉ា​ក្រុង​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ​ប្រចាំការ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បាន​ផ្តល់​ការ​ជឿទុកចិត្ត​និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​នា​ន​ដល់​កម្ពុជា ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឲ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​៕



Source: Kampuchea Thmey Daily