Ad Code

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ថា ដំណើរ​ការ​ដក EBA ពី​កម្ពុជា គណៈកម្មការ​អឺរ៉ុប បាន​មើល​រំលង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ចូលរួម​ចំណែក​កសាង​កម្ពុជា



ភ្នំពេញ ​៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ទៅ​០៦ ខែមីនា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​អះអាង​ថា ដំណើរ​ការ​ដក EBA ពី​កម្ពុជា គណៈកម្មការ​អឺរ៉ុប បាន​មើល​រំលង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការ​ចូលរួមចំណែក​កសាង​កម្ពុជា ដែល​ស្ថិត​ក្នុង​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍ និង​រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ឲ្យ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុងនាម​ជា​ស្ថាប័ន​ស្រាវជ្រាវ​មិនមែន​រដ្ឋាភិបាល ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សន្តិភាព​នៅ​កម្ពុជា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​សាទរ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៩៤ ដែល​ទំនាក់ទំនង​ទ្វេភាគី​នេះ បាន​បន្ត​ជំរុញ​ឲ្យ​មានការ​កើនឡើង​ជា​លំដាប់​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​លើ​វិស័យ​ជាច្រើន​។

តាម​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ក​ម្ពុ​ជា ទើបតែ​មកដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មការ​អឺរ៉ុប ក៏បាន​ជូនដំណឹង​ស្ដីពី​លទ្ធភាព​នៃ​ការដក​ជា​បណ្ដោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ "​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​" ឬ EBA ពី​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ទំនាក់ទំនង​ខាងលើ​នេះ​មានការ​ប្រែប្រួល​។ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​សង្កេត​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ស្រុង​ឥត​ឈប់ឈរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្ដល់​ការ​ឆ្លើយតប​លើ​បញ្ហា​នេះ ដោយ​ចុងក្រោយបង្អស់ គឺ​ការ​សរសេរ​បញ្ជាក់​ពី​ការផ្ញើ​លិខិត​របស់​ក្រសួងការបរទេស អំពី​ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​កម្រង​សំនួរ​ស៊ើបអង្កេត​ទៅកាន់​សហភាព​អឺរ៉ុប បន្ទាប់ពី​មាន​បេសកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​០៥ ដល់ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​សម្ដែង​ក្តីបារម្ភ​លើ​វិធានការ​ណ៍​បច្ចុប្បន្ន​របស់​សហភាព​អឺរ៉ុប ដែល​សំរេច​ចាប់ផ្តើម​ពិចារណា​នីតិវិធី​ជា​ផ្លូវការ​លើ​ការ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​អំពាវនាវ​ចំពោះ​សហ​ចំពោះ​គណៈកម្មការ​អឺរ៉ុប​ធ្វើការ​ពិនិត្យ​ឡើងវិញ​ដោយ​ម៉ត់ចត់​ជាទីបំផុត​លើ​សេចក្តីសម្រេច​នេះ ក្នុង​ឥរិយាបទ​ស្និទ្ធស្នាល ដោយ​ពិចារណា​លើ​ផល​អវិជ្ជមាន​ទៅលើ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង​ការអភិវឌ្ឍ​ជារួម​របស់​កម្ពុជា ដែលជា​ការចូលរួមចំណែក​របស់​សហភាព​អឺរ៉ុប​អស់​រយៈពេល​ជាង​២៥ ឆ្នាំ​កន្លងមកនេះ​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​សហភាព​អឺរ៉ុប បាន​កើនឡើង​ទ្វេដង ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​២០១៦ ពី​ជាង​៣​ពាន់​លាន ទៅដល់​ជាង​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បានផ្ដល់​ឱកាស​ការងារ​ជាង​៤០ ម៉ឺន​កន្លែង​ដល់​ប្រជាជន​កម្ពុជា​។ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​យល់ឃើញថា ក្នុង​ដំណើរការ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​គណៈកម្មការ​អឺរ៉ុប បាននឹងកំពុង​តែ​មើលរំលង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ចូលរួមចំណែក​កសាង​កម្ពុជា ដែល​ស្ថិតក្នុង​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍ និង​រង​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ឲ្យ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​បំផុត​លំដាប់​ទី​៦ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​៧ ភាគរយ​ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។

ការចោទប្រកាន់​របស់​គណៈកម្មការ​អឺរ៉ុប​ពី​កម្ពុជា​លើ​កម្ពុជា​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នេះ គឺ​ពុំបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​ប្រទេស ដែល​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា​កំពុងតែ​សប្បាយរីករាយ និង​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​លើ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ គណៈកម្មការ​អឺរ៉ុប​មើលរំលង​លើ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការវិវត្ត​ជា​វិជ្ជមាន​របស់​កម្ពុជា លើ​ការដាក់ចេញ​វិធានការ និង​ការវាយតម្លៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស​ព្រមទាំង​បន្ត​ពង្រឹង​សេរីភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ក្នុង​នយោបាយ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​អនុសញ្ញា​ស្នូល​ចំនួន​១៥ របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​។ ខណៈដែល​កំពុង​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទង​ទៅនឹង​បញ្ហា​សិទ្ធិមនុស្ស សហភាព​អឺរ៉ុប​មាន​ទំនោរ​ទៅកាន់​គណបក្សប្រឆាំង ដែល​សំបូរ​តែ​វោហា​ស័ព្ទ និង​បានបង្ហាញ​ស្តង់ដារ​ពីរ​ក្នុងការ​ប្រតិបត្តិ​គុណ​តម្លៃ​ស្នូល នៃ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅពេល ដែល​និយាយ​អំពី​ផលប្រយោជន៍ និង​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​។ នេះ​មានន័យ​យ៉ាង​សាមញ្ញ​ថា ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​មិនមែនជា​ចំណុច​សំខាន់​នៃ​ការចរចា​លើ​ការផ្ដល់​​ប្រព័ន្ធ EBA ពី​កម្ពុជា​នោះទេ​។

ដំណើរ​ការដក​ប្រព័ន្ធ EBA និង​មិន​ត្រឹមតែ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការអភិវឌ្ឍន៍​កម្ពុជា និង​កម្មករ​កម្ម​ការ​នី​ប្រមាណ​៧០ ម៉ឺន​នាក់ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​កម្មករ កម្មការិនី រាប់ពាន់​គ្រួសារ ក៏ដូចជា​អ្នកផ្ដល់​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។

ជាមួយគ្នា​នោះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ សហភាព​អឺរ៉ុប​និង​គណៈកម្មការ​អឺរ៉ុប នឹង​ពិចារណា​ពី​ផលវិបាក​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទៅលើ​ប្រជាជន​កម្ពុជា​និង​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​បំណង​ចង់​ឃើញ​សន្តិភាព ការអភិវឌ្ឍន៍​វិបុលភាព និង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu