Ad Code

សមត្ថកិច្ច​ជំនាញ​ចុះ​ឆែក​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង ​នៅ​ស្រុក​ស្វាយ​លើ តែ​ត្រូវ​បរាជ័យ​



សៀមរាប​ ៖​ សមត្ថកិច្ច​ជំនាញ​របស់​ខេត្តសៀមរាប បាន​ចុះទៅ​ឆែក​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ក្រោយ​សង្ស័យ​ថា ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​ឃ្លាំង​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​លោក ធឹង លាង​ស្រេង​។



លោក​ម៉ែន វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧​នេះ​ថា ពិតជា​មានការ​ចុះ​ឆែក​ទីតាំង​ស្តុក​ឈើ នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ កាលពី​រសៀល​ថ្ងៃទី​០៦​មីនា ឆ្នាំ​២០១៩​នេះ​មែន ហើយ​ម្ចាស់​ទីតាំង​ឈ្មោះ​ធឹង លាង​ស្រេង។ ​លោក​បន្តថា ការ​ឆែក​នេះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក និង​រដ្ឋបាល​ព្រៃឈើ​ស្រុក ដោយ​យោង​តាម​ការ​រាយការណ៍​របស់​អ្នកកាសែត ដល់​អាវុធហត្ថ​ផ្ទៃ​ប្រទេស​។​



ទើប​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត​ សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​មក​ពិនិត្យ​។ លោក​បន្ត​ថា ជា​លទ្ធផល​រក​ឃើញ​ឈើ​សន្និធិ​៥០,១០២​ម៉ែត្រគូប តែ​ជា​ឈើ​មានច្បាប់​ដឹកជញ្ជូន និង​សន្និធិ​។ ​លោក​បាន​បន្ត​ថា តាមពិត​ទីតាំង​ខាងលើ គឺ​មាន​ច្បាប់​អនុញ្ញាតិ​ទាំង​ដឹកជញ្ជូន​និង​សន្និធិ ត្រឹមត្រូវ ។​ប៉ុន្តែ​ការចុះ​ឆែក​នេះ គឺ​ក្រោយ​ទទួល​សេចក្តី​រាយការណ៍ ថា​ឈើ​ខាងលើ មិនមាន ច្បាប់​។ លោក​បញ្ជាក់​ថា ក្រោយពេល​ពិនិត្យ​ទាំង​ឈើ​ក្នុង​ទីតាំង ទាំង​ឈើ​នៅលើ​រថយន្ត ប្រគល់​ឲ្យ​ម្ចាស់​វិញ​។



ជា​មួយ​នឹង​ករណីនេះ​ដែ​រ សេចក្តី​រាយការណ៍​ពី​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា លោក ធឹង លាង​ស្រេង ធ្លាប់​ជា​អ្នក​រកស៊ី​ឈើ ល្មើសច្បាប់​ម្នាក់​ដែល​ដឹក​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះ​មកកាន់​ខេត្តសៀមរាប​។ ​តែ​បច្ចុប្បន្ន​ល្បី​ថា លោក ធឹង លាង​ស្រេង បាន​រត់ការ​សុំច្បាប់​(PC)​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទាំង​ដេប៉ូ និង​ការ​ដឹក​គឺ​មាន​ច្បាប់​ទាំងអស់​។​ ចឹ​ង​ហើយ​បានជា​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ជំនាញ​ខាងលើ​ត្រូវ​បរាជ័យ​ទៅវិញ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu