Ad Code

អតីត​គ្រូ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក​Lee Tae Hoon ទទួលបាន​ការងារ​ថ្មី​មួយទៀត​នៅ​ប្រទេស​វៀតណាម



អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា លោក Lee Tae Hoon ដែលជា​ជនជាតិ​កូរ៉េខាងត្បូង កាលពី​ចុងឆ្នាំ​២០១៨ បានប្រកាស​ពី​ការ​បញ្ចប់​កុងត្រា​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោយ​សហការ​ការងារ​គ្នា​ក្នុង​រយៈពេល​៧​ឆ្នាំ និង ៣​ខែ ខណៈ​ដើមឆ្នាំ​២០១៩ នេះ​លោក​ទទួល​បាន​ការងារ​ថ្មី​នៅ​ប្រទេស​វៀតណាម ក្នុងនាម​ជា​នាយក​បច្ចេកទេស​ប្រចាំ​ក្លិប​Hoàng Anh Gia Lai​។

​វិ​ប​សាយ Zing របស់​វៀតណាម លើក​ឡើង​ថា ​លោក Lee ក្រៅពី​ទទួល​បាន​ការងារ​នៅ​ក្លិប Hoàng Anh Gia Lai សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​វៀតណាម ក្នុង​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ ពេលនេះ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម បាន​កោះហៅ​លោក​ឲ្យ​ធ្វើ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្រុម​ជម្រើសជាតិ​វៀតណាម ក្រោម​អាយុ​២២​ឆ្នាំ (U22) ដែល​មាន​លោក Park Hang Seo ជា​គ្រូបង្វឹក​។

លោក Park Hang Seo បានបញ្ជាក់​ជុំវិញ​មូល​ហេតុ​ដែល​ជ្រើសរើស​លោក Lee Tae Hoon ជា​គ្រូ​ជំនួយ​ថា ​លោក​បាន​ប្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ថា លោក​ចង់បាន​គ្រូ​ដែល​យល់ដឹង​ពី​បាល់ទាត់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាមួយនឹង​ការ​យល់ដឹង​ពី​បាល់ទាត់​ក្នុង​តំបន់​ច្រើន បន្ទាប់ពី​ធ្វើការ​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដូចនេះ លោក Lee Tae Hoon បាន​បំពេញ​តាម​តម្រូវការ​ក្នុង​លក្ខខណ្ឌ​នេះ​។

​ពេលនេះ​លោក Lee Tae hoon បាន​ចូលរួម​ជាមួយ​ក្រុម​ឈុត​យុវជន​វៀតណាម នេះ​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​ហាណូយ ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី វគ្គ​ជម្រុះ ឆ្នាំ​២០២០ ( 2020 AFC U-23 Championship qualification ) ប្រចាំ​ពូ​ល K គ្រោង​នឹងធ្វើ​នៅ​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ជាមួយ U-23 ថៃ , ឥណ្ឌូនេស៊ី និង​ព្រុយ​ណេ ដើម្បី​ដណ្ដើម​កៅអី​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​គ្រោង​នឹងធ្វើ​នៅ​ប្រទេស​ថៃ នា​ដើមឆ្នាំ​២០២០ ខាងមុខ​។

សូម​រំលឹក​ថា ​ក្រោយពេល​លោក Lee បោះបង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ឆ្នាំ​២០១៧ ដោយ​ចេញទៅ​ដឹកនាំ​ក្រុម U15 សាលា​បាល់ទាត់​ជាតិ តំណែង​នេះ​ជំនួស​វិញ​ដោយ​លោក Leonardo Vitorino ម្តង ខណៈ​ក្រុម​មកទៀត​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន​ចូលខ្លួន​ដឹកនាំ​បណ្តោះអាសន្ន​មុន​Honda Keisuke មកដល់​កាលពីដើមឆ្នាំ​។

​ចំពោះ​លោក Lee Tae Hoon ពេលនេះ​កំពុង​កាន់​អាជ្ញា​ប័ណ្ណ AFC Pro License ធ្លាប់​បាន​ចុះ​កិច្ច​សន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​៣​លើក មក​ហើយ​ខណៈ​លើកដំបូង​ធ្វើឡើង​ពី​ខែសីហា ឆ្នាំ ២០១០ ដល់ ខែកក្កដា ឆ្នាំ២០១២ ហើយ​លើក​ទី​២ ចាប់ពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ​២០១៥ និង លើក​ទី​៣ នេះ​ចាប់ពី​ខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦​។ ក្រោយ​មក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន ​លោក​បាន​ធ្វើជា​គ្រូបង្វឹក​ក្រុម​យុវជន​ថ្នាល​ក្រោម​អាយុ​១៥​ឆ្នាំ​នៅ​សាលា​បាល់​ទាត់​ជាតិ​បាទី​វិញ​ម្តង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu