Ad Code

ភ្លើង​ឆេះ​ជញ្ជ្រាំង​និង​ស្មៅ រាលដាល​ដល់​ឆេះ​ផ្ទះសំណាក់ ខូចខាត​យ៉ាងដំណំ​



កណ្ដាល ៖ ភ្លើង​ឆេះ​ស្មៅ​និង​ជញ្ជ្រាំង​ស្រូវ​នៅ​ក្បែរ​ផ្ទះ​បង្ក​ឲ្យ​រាលដាល​ឆេះ​ដល់​ផ្ទះ​សំណាក់​មួយ​កន្លែង​ផ្អើល​អស់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ចេញ​ជួយ​អន្ដរាគមន៍​និង​មាន​រថយន្ដ​ពន្លត់អគ្គីភ័យ​មកពី​គ្រប់ទិសទី​ជួយ​បាញ់​ទឹក​ពន្លត់​ខូចខាត​សម្ភារៈ​អស់​មួយ​ចំនួនធំ តែ​សំណាង​ដែរ​ដោយ​សារ​មិនមាន​គ្រោះថ្នាក់​មនុស្ស​ណា​ម្នាក់​ឡើយ។



ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះសំណាក់​AS88 ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល។

ម្ចាស់​ទីតាំង ឈ្មោះ ឃួន បូរ៉ា ភេទ​ប្រុស អាយុ​៤៧ឆ្នាំ។ សម្ភារៈ​ខូចខាត​មាន ឆេះ​បន្ទប់​រដ្ឋបាល​០១ បន្ទប់​សន្តិសុខ​០១ រោង​ឡាន​បណ្តោយ ៥០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី។



តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល ដំបូង​ឡើយ​គេ​ឃើញ​ភ្លើង​ឆេះ​ស្មៅ​និង​ជញ្ជ្រាំង​ស្រូវ​នៅ​ក្បែរ​ផ្ទះ ពេលនោះ​គ្រាន់តែ​ភ្លេចខ្លួន​តែ​បន្ដិច​ដោយសារ​មាន​ខ្យល់​បក់​ខ្លាំង​ផង​នោះ​ទើប​ភ្លើង​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស ដល់​ក្នុង​បរិវេណ​ផ្ទះសំណាក់​ភ្លាមៗ​តែម្ដង​។

ប្រភព​បន្ដ​ថា ក្នុង​ស្ថានភាព​នោះ​ប្រជាពលរដ្ឋ​និង​ម្ចាស់ផ្ទះ​សំណាក់​យីហោ​AS 88 បាន​នាំ​គ្នា​ដងទឹក​និង​ទាញ​ទុយោ​បាញ់​ទឹក​ ដើម្បី​ជួយ​ពន្លត់ តែ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ក៏​បាន​ទាក់ទង​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍ តែ​ដោយសារ​ទីតាំង​ឡានទឹក​សុទ្ធតែ​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ទើប​ទម្រាំ​មកដល់​ក៏​ឆេះ​អស់​មួយ​ចំនួនធំ​បែបនេះ​តែម្ដង។



ប្រភព​បន្ដ​ថា រថយន្ដ​ពន្លត់អគ្គីភ័យ​ដែល​បានចេញ​មក​ជួយ​អន្ដរាគមន៍​មាន​ដូច​ជា រថយន្ដ​របស់​ការិយាល័យ​អគ្គិភ័យ​ខេត្តកណ្ដាល ចំនួន​០៧​គ្រឿង រថយន្ត​ជំនួយ K86​ចំនួន​០១​គ្រឿង រថយន្ដ​ខេត្តកំពង់ស្ពឺ​ចំនួន​០៤​គ្រឿង កងពលតូច​លេខ​៧០ ចំនួន​០២​គ្រឿង ស្នងការដ្ឋាន​នគរបាល​រាជធានី​ចំនួន​០២​គ្រឿង​រថយន្ដ​ទ័ព​ឆ័​ត្រ​យោង ៩១១ ០២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៧​ឡាន ស្មើនឹង​១២០​ម៉ែត្រគូប បាន​គ្រប់គ្រង ភ្លើង​មិន​ឲ្យ​រាលដាល​និង​រលត់​នៅ​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​ទើប​រលត់ទៅវិញ​ទាំងស្រុង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu