Ad Code

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ស​ម្រេច​បញ្ឈប់​លែង​ឲ្យ​មានការ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ​តទៅទៀត​ហើយ



​ភ្នំពេញ​ ៖ តាម​សេចក្តី​ណែនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩ បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានសម្រេច​បញ្ឈប់​លែង​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ដែល​ដាក់​ឲ្យ​ជន​ជាប់ឃុំ​ប្រើប្រាស់​តទៅទៀត ចាប់ពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ រហូតដល់​មាន​បទបញ្ជា​ជាថ្មី​។

សេចក្តី​ណែនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ពន្ធនាគារ សូម​ធ្វើ​ការណែនាំ​ដល់​ប្រធាន​មណ្ឌល​កែប្រែ​រាជធានី ខេត្ត ចំនួន​៤​ចំណុច។



ទី​១, បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ដែល​ដាក់​ឲ្យ​ជន​ជាប់ឃុំ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ រហូតដល់​មាន​បទបញ្ជា​ជាថ្មី​។ ទី​២, បង្កើន​ការ​បង្ការ​ទប់ស្កាត់​រាល់​សកម្មភាព​ការ​លួចលាក់​នាំ​ទូរស័ព្ទ​ចល័ត​ចូល​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ និង​ពង្រឹង​ការ​ត្រួតពិនិត្យ​ឆែកឆេរ​ដកហូត​ទូរស័ព្ទ​ក្នុង​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​។ ទី​៣, ករណី​រក​ឃើញ​ទូរស័ព្ទ​ដែល​បម្រុង​នាំចូល ឬ​រក​ឃើញ​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ ត្រូវធ្វើ​កំណត់ហេតុ​ដកហូត​រក្សា​ទុក​ហើយ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ដូច​មាន​ចែ​ង​ក្នុង​មាត្រា​៥៧១ និង​មាត្រា​៥៧២ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់​វិន័យ​តាម​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ និង​ទី​៤, ត្រូវ​រាយការណ៍​អំពី​សភាពការណ៍ និង​លទ្ធផល​នៃ​ការចាត់តាំង​អនុវត្ត​សេចក្តី​ណែនាំ​នេះ តាមរយៈ​របាយការណ៍​ប្រចាំថ្ងៃ មក​នាយកដ្ឋាន​ពន្ធនាគា​រ​។

សូម​បញ្ជាក់​ថា មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ទូរស័ព្ទ នៅ​តាម​ពន្ធនាគារ ខណៈ​មាន​អ្នកទោស​មួយចំនួន​ទាក់ទង​មក​ខាងក្រៅ​តាម​ទូរ​សព្ទ ដើម្បី​រត់ការ​ដោះលែង ដោយ​គ្មាន​ញញើត​ច្បាប់។ សម្ដេច​តេ​ជោ​បញ្ជាក់​ថា សូម​ឲ្យ​បណ្ដា​គ្រប់​ពន្ធនាគារ ទាំងឡាយ​បញ្ឈប់​ការប្រើប្រាស់ ទូរស័ព្ទ​ទៅ។ ករណីនេះ សម្តេច​បាន​ប្រាប់​ទៅ​លោក អង្គ វង្សវឌ្ឍានា លោក​ឧ​ត្ត​ម​សេនី​យ៍ ឆៃ​ស៊ី ណា​រិ​ទ្ធ និង​លោកស្រី អឹង កន្ថាផាវី បានដឹង​រួចហើយ​។ សម្តេច​បន្ត​ថា ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចេញពី​ពន្ធនាគារ​នេះ នៅ​តែ​មាន​បន្ត ហើយ​រត់ការ ដើម្បី​យករួចខ្លួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu