តុលាការធម្មនុញ្ញថៃកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងមួយដោយសារតែការតែងតាំងបងស្រីរបស់ព្រះមហាក្សត្រឲ្យធ្វើជាបេក្ខជនរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតរបស់ប្រទេសនៅថ្ងៃទី២៤ខែមីនា។
ចៅក្រម Taweekiet Meenakanit បាននិយាយនៅក្នុងសេចក្តីសម្រេចថា “តុលាការបានបញ្ជាឲ្យគណបក្សនេះត្រូវរំលាយ”។ សេចក្តីសម្រេចនេះក៏បានហាមប្រាមសមាជិកក្រុមប្រឹក្សានិតិប្រតិបត្តិនៃគណបក្សថៃរក្សាជាតិពីការចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល១០ឆ្នាំផងដែរ។
គណៈកម្មការបោះឆ្នោតបានស្នើសុំឲ្យតុលាការរំលាយគណបក្សនេះក្រោយពីបានតែងតាំងម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi ឲ្យឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
នៅថ្ងៃនៃការតែងតាំងនោះ ប្អូនប្រុសរបស់ព្រះនាងគឺព្រះមហាក្សត្រ Maha Vajiralongkorn បានចេញរាជបញ្ជាមួយដែលហៅថាការតែងតាំងនេះថាមិនសមរម្យនិងមិនស្របតាមរដ្ឋធម្មនុញ្ញ។
ថៃរក្សាជាតិគឺជាគណបក្សថ្មីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាដែលបានរស់នៅក្នុងការនិរទេសខ្លួនចាប់តាំងពីគាត់បានបាត់បង់អំណាចកាលពីឆ្នាំ២០០៦ហើយត្រូវរងការចោទប្រកាន់ពីបទពុករលួយ។
សមាជិកលេចធ្លោជាច្រើននាក់នៃគណបក្សភឿថៃដែលជាគណបក្សបង្កើតឡើងដោយលោកថាក់ស៊ីនគឺបានទៅចូលរួមជាមួយគណបក្សថៃរក្សាជាតិនៅពេលវាត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ព្រះនាង Ubolratana បានលះបង់ងារជារាជវង្សក្នុងឆ្នាំ១៩៧២ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកថាជាសមាជិកជាន់ខ្ពស់នៃរាជវង្សានុវង្សដែលត្រូវបានគេគោរពយ៉ាងខ្ពង់ខ្ពស់នៅក្នុងប្រទេសថៃ។
យោងតាមការបង្ហោះរបស់ព្រះនាងនៅលើ Instagram បានឲ្យដឹងថា ម្ចាស់ក្សត្រីដែលបានបំបែកប្រពៃណីរាជវង្សសម្រាប់ការប៉ុនប៉ងចូលប្រឡូកក្នុងឆាកនយោបាយអង្គនេះគឺកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់៕ REUTERS
Source: Kampuchea Thmey Daily
0 Comments