កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រែក្លាយទៅជាភាពស្ងប់ស្ងាត់កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ពិធីបុណ្យ “Day of Silence” ប្រចាំឆ្នាំ ដោយកោះនេះ បានបញ្ឈប់ការហោះហើរ ប្រព័ន្ធអ៊ីនធឺណេត និងបិទចំណុចទាក់ទាញទេសចរណ៍ដើម្បីអនុញ្ញាតឲ្យមានពេលវេលាសម្រាប់ការធ្វើសមាធិនិងការពិចារណាមើលផ្លូវចិត្តខ្លួនឯង។
ដោយត្រូវបានគេស្គាល់ក្នុងតំបន់ថា Nyepi, អ្នកកាន់សាសនាហិណ្ឌូនៅលើកោះនេះត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងផ្ទះរយៈពេល២៤ម៉ោងនិងឆ្លុះបញ្ចាំងមើលខ្លួនឯង។
អ្នកមិនមែនកាន់សាសនាហិណ្ឌូនិងភ្ញៀវទេសចរក៏ត្រូវបានគេស្នើសុំឲ្យចូលរួមផងដែរដោយត្រូវស្នាក់នៅក្នុងផ្ទះសម្រាប់ការបិទប្រចាំឆ្នាំរបស់កោះនេះ។
រថយន្តនិងម៉ូតូមិនត្រូវបានគេអនុញ្ញាតឲ្យបើកបរនៅលើដងផ្លូវទេលើកលែងតែក្នុងករណីបន្ទាន់ប៉ុណ្ណោះខណៈភ្លើងនៅខាងក្នុងផ្ទះនិងនៅតាមដងផ្លូវត្រូវតែបិទហើយចំណុចទាក់ទាញទេសចរណ៍និងផ្សារទំនើបនឹងត្រូវបិទទ្វារ។
ព្រលានយន្តហោះអន្តរជាតិ Ngurah Rai បាននិយាយថា ខ្លួននឹងបិទរយៈពេល២៤ម៉ោងចាប់ពីម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទៅដែលជាហេតុបង្កផលប៉ះពាល់ដល់ជើងហោះហើរចំនួន៤៦៨រួមទាំងជើងហោះហើរអន្តរជាតិចំនួន២០៧ផងដែរ។
រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតចល័តត្រូវបិទសេវានៅថ្ងៃនេះលើកលែងតែសេវាសាធារណៈសំខាន់ៗប៉ុណ្ណោះ។
កាលពីថ្ងៃពុធ មួយថ្ងៃមុនបុណ្យ Nyepi, កោះនេះបានរៀបចំពិធីបុណ្យសាសនាប្រចាំឆ្នាំរបស់ខ្លួនដើម្បីកម្ចាត់អារក្សនិងវិញ្ញាណបិសាច។
នៅក្នុងក្បួនដង្ហែ, រូបទីងមោងចម្រុះពណ៌ដែលមានឈ្មោះថា Ogoh-Ogoh ត្រូវបានគេដង្ហែតាមដងផ្លូវមុនពេលយកទៅដុតដែលតំណាងឲ្យការកកើតថ្មីនិងការបន្សុទ្ធ។
ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនប៉ុន្តែជាង៨០ភាគរយនៃប្រជាជនរបស់កោះបាលីបានកំណត់អត្តសញ្ញាណខ្លួនជាសាសនាហិណ្ឌូនិងបានអនុវត្តន៍សាសនានេះតាមរបៀបនៃតំបន់នីមួយៗ៕ AFP
Source: Kampuchea Thmey Daily
0 Comments