Ad Code

បញ្ជូន​ខ្លួន​អ្នក​រត់​តាក់ស៊ី​​ បើក​បុក​ថៅកែ​ លក់​គ្រឿងបន្លាស់​រថយន្ត ​យីហោ ​ជាង​ជី បណ្ដាល​ឲ្យ​ស្លា​ប់ ទៅ​សាលាដំបូង



ព្រះសីហនុ ​៖ ​អ្នក​បើក​រថយន្ត​តាក់ស៊ី​ ដែល​ ជាន់​ហ្វ្រាំង​ច្រឡំ​ហ្គែ​រ បណ្ដាល​ឲ្យ​បុក​ថៅកែ​ លក់​គ្រឿង បន្លាស់ និង​ជួសជុល​​​រថយន្ត យីហោ ជាង​ជី បណ្តាល​ឲ្យ​ស្លាប់ និង​ប្រពន្ធ របួសធ្ងន់ កាលពី​យប់​ថ្ងៃទី​០៥ ខែ​មីនា​ឆ្នាំ​២០១៩​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ នា​រសៀល ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩។

ជនជាប់សង្ស័យ​មានឈ្មោះ ធាំ រ៉េត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​មុខរបរ​រត់​តាក់ស៊ី។ ចំណែក​ជនរងគ្រោះ មានឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ហៅ​ជាង​ជី មុខរបរ លក់​គ្រឿងបន្លាស់​ និង​ជួសជុល​​រថយន្ត​(​ស្លាប់​) និង​ប្រពន្ធ​ឈ្មោះ ទៀង ហុង ភេទ ស្រី អាយុ ៣៥​ឆ្នាំ របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៤ ​ក្រុង​/​ខេត្ត​ព្រះសីហនុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ជនសង្ស័យ ឈ្មោះ ធាំ រ៉េត ខាងលើនេះ កាលពី​យប់ ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ ២០១៩ ម៉ោង​ប្រមាណ​១៩ និង០០​នាទី បាន​បើក​រថយន្ត​របស់​ខ្លួន ម៉ាក HIGHLANDER ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-1584​ចូល ទៅ ផ្ទះ​ជនរងគ្រោះ ដែល​ជា​ហាង លក់ គ្រឿងបន្លាស់​រថយន្ត ដើម្បី ប្តូរ​អំពូល​ភ្លើង​រថយន្ត។ ក្រោយមក ពេល​ឈប់​រថយន្ត​គាត់​មិនបាន​ពន្លត់​ម៉ាស៊ីន​ទេ គាត់​ដោះ​លេខ​ដាក់ N ពេល​ចុះ​ពី​ឡាន ស្រាប់តែ​រថយន្ត​រអិល​ថយក្រោយ គាត់​ស្ទុះ​ទៅ​ក្នុង​ឡាន​វិញ​ក្នុង​គោលបំណង ជាន់​ហ្វ្រាំង តែ​ច្រឡំ​ហ្គែ​រ ក្នុងពេលនោះ​ដៃ​របស់​គាត់ បាន​គ្រវាស​ដៃ បញ្ចូល​លេខ​ទៅ D​វិញ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត ស្ទុះ​ទៅមុខ បុក​ជនរងគ្រោះ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ស្លាប់​ភ្លាមៗ នៅ​នឹង​​កន្លែង​កើតហេតុ តែម្តង ​និង​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ របួសធ្ងន់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu