Ad Code

គណបក្ស​ប្រជាធិបតេយ្យ​រារាំង​ទូរទស្សន៍ Fox ពី​ការរៀបចំ​ការជជែក​ដេញដោល​បេក្ខជន​បឋម



គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​ទូរទស្សន៍ Fox News រៀបចំ​កម្មវិធី​ជជែក​ដេញដោល​នៃ​បេក្ខជន​បឋម​របស់ខ្លួន​ទេ​ បន្ទាប់ពី​ការ​លាតត្រដាង​ជា​សាធារណៈ​បានបង្ហាញ​ថា បណ្តាញ​នេះ​ គឺជា​យានយន្ត​ឃោសនា​សម្រាប់​លោក​ប្រធានាធិបតី Donald Trump។

ប្រធាន​គណៈកម្មាធិការ​ជាតិ (DNC) លោក Tom Perez បាន​និយាយថា រឿង​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី New Yorker ក្នុង​សប្តាហ៍​នេះ​ស្តីពី​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​សេត​វិមាន​ជាមួយនឹង​ប៉ុស្តិ៍​នេះ​បាន​ជំរុញ​ឲ្យ​មានការ​សម្រេចចិត្ត​នេះ​។​

លោក Perez បាន​និយាយ​នៅលើ Twitter ថា “​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា ទូរទស្សន៍ Fox News នឹង​មិនមែនជា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការពិភាក្សា​ដេញដោល​ជាបឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២០​ទេ​”​។​

លោក​បាន​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​កាសែត The Washington Post ថា “​របាយការណ៍​ថ្មីៗ​នៅក្នុង​ទស្សនា​វ​ដ្តី New Yorker ស្តីពី​ទំនាក់ទំនង​មិន​សមរម្យ​រវាង​លោក​ប្រធានាធិបតី Trump, រដ្ឋបាល​របស់គាត់​និង​ទូរទស្សន៍ Fox News បាន​នាំ​ឲ្យ​ខ្ញុំ​សន្និដ្ឋានថា បណ្តាញ​នេះ​មិនមាន​ជំហរ​រៀបចំ​កិច្ចពិភាក្សា​ដោយ​យុត្តិធម៌​និង​អព្យាក្រឹត​សម្រាប់​បេក្ខជន​របស់​យើង​ទេ​”​។​

ព័ត៌មាន​អំពី​ការហាមឃាត់​នេះ​បានធ្វើ​ឲ្យ​លោក Trump ខឹងសម្បា​ដោយ​លោក​បានលើកឡើង​នៅលើ​បណ្តាញ​សង្គម Twitter ថា លោក​នឹងធ្វើ​ដូចគ្នានេះ​ដាក់​បណ្តាញ​ក្លែងក្លាយ​និង​អ្នកប្រជាធិបតេយ្យ​ឆ្វេងនិយម​រ៉ាឌីកាល់​។​

លោក Trump ជារឿយៗ​បាន​សំដៅទៅ CNN, The New York Times, The Washington Post និង MSNBC ថា​ជា “​ព័ត៌មាន​ក្លែងក្លាយ​”​។​

សិទ្ធិ​ផ្សាយ​អំពី​ការជជែក​ដេញដោល​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​និង​ការជជែក​វែកញែក​ជាប​ឋ​ម​គឺជា​ការចង់បាន​សម្រាប់​បណ្តាញសារព័ត៌មាន​អាមេរិក​។​

ព្រឹត្តិការណ៍​ជា​ប្រពៃណី​នេះ​បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាង​ទូលំទូលាយ​ហើយ​កិច្ចពិភាក្សា​ជា​បន្តបន្ទាប់​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ទំនង​ជាមាន​ទស្សនិកជន​តាម​ទូរទស្សន៍​ដ៏​ធំ​។​
DNC បានប្រកាសថា ការពិភាក្សា​លើកដំបូង​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែមិថុនា​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការចូលរួម​ពី​ព្រឹទ្ធសមាជិក​ដូចជា Bernie Sanders, Elizabeth Warren និង Kamala Harris និង​អ្នក​ដទៃទៀត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu