Ad Code

បុរស​ម្នាក់ ឆក់​ត្រី​ដោយ​ការប្រមាថ ​ក្នុង​ពេល​ស្រវឹង បាន​ផ្ដាច់ជីវិត​ខ្លួនឯង ​ស្លាប់​យ៉ាង​អាណោចអាធ័ម



កំពង់ធំ ​៖ ចាប់តាំងពី​បច្ចេកវិទ្យា​ទាន់សម័យ ឧបករណ៍​ប្រើប្រាស់​ដោយ​គ្រឿង​អេឡិចត្រូនិក បាន​ជួយ​សម្រួល ដល់​មនុស្ស​ក្នុង​ពិភពលោក​កាន់តែ​ស្រួល​ជាង​មុន តែ​ក្នុង​នោះ​ឧបករណ៍​មួយចំនួន បាន​ផ្តល់​ការ​វៃឆ្លាត និង​ផ្តល់​ប្រយោជន៍​ជាច្រើន បើ​កាលណា​ប្រើប្រាស់ ឧបករណ៍​ទាំងនេះ តាម​វិធី​សាស្ត្រ​ត្រឹមត្រូវ តែបើ​មានការ​ធ្វេសប្រហែស ប្រើប្រាស់​ខុស​នីតិ​វិធី ដោយ​ការប្រមាថ ឧបករណ៍​ទាំង​នេះ បានផ្តល់​ទោស​ដល់​អ្នកប្រើប្រាស់ អាច​ស្លាប់​បាត់​បង់ជីវិត​បាន មិន​ខាន។

ជាក់ស្តែង​ គ្រឿង​អេឡិចត្រូនិក ត្រូវបាន​គេ​បំប្លែង​ជា​ឧបករណ៍​សម្រាប់​ឆក់​ត្រី ដែល​ជា​ប្រភេទ​អន្តរាយ និង បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មច្ឆជាតិ ក្នុង​ការ​បន្ត​ការ​ពង​កូន ត្រូវ​បាន​ប្រជាពលរដ្ឋ ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ស្រុក​ស្ទោង ប្រើប្រាស់​សម្រាប់​ឆក់​ត្រី ជា​ហូរហែ​គ្រប់​រដូវកាល និង​បាន​បង្អាក់​ការ​បន្ត​ពូជ​របស់ មច្ឆជាតិ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជាច្រើន ដោយសារតែ​ប្រជាពលរដ្ឋ នាំគ្នា​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ដែល​ជា​ឧបករណ៍ ដែល​ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់​ឆក់​ត្រី​នោះទេ តែ​បែរជា​ឧបករណ៍​ឆក់​ទាំងនេះ បាន​ដាក់​លក់​នៅលើ​ទីផ្សារ​ដោយ​សេរី​ទៅវិញ។

ជាក់ស្ដែង ​បុរស​ម្នាក់ មាន​ជំនាញ និង​អាជីព​ជា​អ្នក​ឆក់​ត្រី​រាប់សិប​ឆ្នាំ ថ្ងៃនេះ​អស់លក្ខណ៍ ឬ​អាច​និយាយបានថា ត្រូវ​បណ្ដាសា បាបកម្ម បាន​មក​ឆក់​ត្រី ​ខណៈ​ពេល​ដែល​ស្រវឹង ភ្លាត់​ស្នៀត​ ក៏បាន​ឆក់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​១៤និង​១០​នាទី​ ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ខែ​មីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​សាលា​ស្វាយ​ធំ​ភូមិ​តា​ម៉ិ​ញ ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​សព ឈ្មោះ ឈន កាញ់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​បញ្ជាក់ថា ជនរង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ត្រី មានឈ្មោះ ខេន ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ នៅ​ភូមិ/​ឃុំ​កើតហេតុ។ មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា នៅ​ពេល​ស្រវឹង ទើប​មាន​អារម្មណ៍ ចង់បាន​ត្រី​មក​ក្លែម ក៏បាន​រៀបចំ​ឧបករណ៍​ទៅ​ឆក់​ត្រី ​ដោយ​ទៅ​តែម្នាក់ឯង ខណៈ​ពេល​កំពុង​ឆក់ បាន​ដួល​ក្នុង​ទឹក ជាមួយនឹង​ឧបករណ៍​ បណ្ដាល​ឲ្យឆក់​ខ្លួនឯង​ស្លាប់។

ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​វរសេនីយ៍ឯក ចាក ច័ន្ទ​រ៉េត បាន​ដឹកនាំ កម្លាំង​ជំនាញ​​​​​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក្រយា ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាក​សព​ និង​ពិនិត្យ​កន្លែង​កើតហេតុ ​និង​បាន​ពិនិត្យ​សព ក៏បាន​បញ្ជាក់​ពី​ស្លាកស្នាម ​ត្រូវ​បាន​ឆក់​ដោយ​ចរន្ត​អគ្គិសនី​ពិតប្រាកដ​មែន និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu