នៅថ្ងៃព្រហស្បតិ៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានព្រមានប្រទេសហ្វីលីពីនកុំអនុញ្ញាតឲ្យជនបរទេសចូលក្នុងប្រទេស ខណៈពេលដែលការផ្លាស់ប្តូរគោលគំនិតរបស់លោកប្រធានាធិបតី Rodrigo Duterte ទៅរកទីក្រុងប៉េកាំងបានបង្កឲ្យមានលំហូរនៃកម្មករចិន។
ព្រឹទ្ធសភាហ្វីលីពីនត្រូវបានគេប្រាប់ឲ្យដឹងកាលពីចុងឆ្នាំមុនថា ជនជាតិចិនយ៉ាងតិច២០០,០០០នាក់បានសម្រុកចូលទីក្រុងម៉ានីលចាប់តាំងពីការជាប់ឆ្នោតឆ្នាំ២០១៦របស់លោក Duterte ដែលភាគច្រើននៃពួកគេគឺត្រូវបានជួលធ្វើការដោយក្រុមហ៊ុនល្បែងតាមអនឡាញ។
បញ្ហានេះបានបង្កជាការព្រួយបារម្ភដោយអ្នកនយោបាយហ្វីលីពីនមួយចំនួនបានចោទប្រកាន់ថា វាជំរុញឲ្យតម្លៃអចលនទ្រព្យកើនឡើង ឆក់យកការងារពីអ្នកស្រុកហើយព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលពន្ធផងដែរ។
លោក Mahathir ដែលបានផ្អាកគម្រោងធំៗជាច្រើនរបស់ប្រទេសគាត់ជាមួយចិនបានព្រមានក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសហ្វីលីពីនប្រឆាំងនឹងការអនុញ្ញាតឲ្យមានការកើនឡើងនៃជនបរទេស។
លោក Mahathir បានប្រាប់ទូរទស្សន៍ ABS-CBN ក្នុងបទសម្ភាសន៍មួយថា “ការវិនិយោគដោយផ្ទាល់ពីបរទេសមិនគួរពាក់ព័ន្ធនឹងការនាំមកនូវចំនួនជនបរទេសច្រើនពេកឲ្យមករស់នៅក្នុងប្រទេសនោះទេព្រោះវាអាចរំខានដល់សមាសភាពនយោបាយនៅក្នុងប្រទេស”។
លោក Mahathir អាយុ៩៣ឆ្នាំកំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីនជាលើកដំបូងចាប់តាំងពីលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន។ គាត់នឹងជួបជាមួយលោក Duterte នៅល្ងាចថ្ងៃព្រហស្បតិ៍។
ការខិតខំប្រឹងប្រែងរបស់លោក Duterte ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយចិនបានជំរុញឲ្យមានការកើនឡើងនៃការមកដល់របស់កម្មករចិន។
កាលពីឆ្នាំមុន អ្នកតាក់តែងច្បាប់បាននិយាយថា ប្រជាជនចិនប្រហែល២០០,០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសនេះហើយបានប្តេជ្ញាផ្តល់នូវការការពារដល់ប្រជាជនហ្វីលីពីន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោក Carlos Dominguez ក៏បាននិយាយផងដែរថា លោកនឹងធានាថា ជនបរទេសដែលធ្វើការនៅក្នុងឧស្សាហកម្មល្បែងរបស់ប្រទេសនេះគឺបានបង់ពន្ធ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Duterte កាលពីខែមុនបាននិយាយថា កម្មករចិនគួរតែត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅក្នុងប្រទេសខណៈដែលទីក្រុងប៉េកាំងក៏មានប្រជាជនហ្វីលីពីនរាប់សែននាក់ផងដែរ។ ភាគច្រើននៃពួកគេគឺជាអ្នកធ្វើការតាមផ្ទះនៅក្នុងទីក្រុងហុងកុង៕ AFP
Source: Kampuchea Thmey Daily
0 Comments