ភ្នំពេញ ៖ តារាសម្តែងប្រុស ដែលភាគច្រើននិយមតួសម្តែងជាលក្ខណៈមនុស្សភេទទី៣ លោក គន់ រៀមរតនៈ ហៅ ចែរ៉ូហ្សា ភ្លាមៗ នៃការបានជួបផ្ទាល់ និងថតរូបអនុស្សាវរីយ៍ជាមួយ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន គឺបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និង រំភើបយ៉ាងខ្លាំង ខណៈតារារូបនេះ ក៏បានពោលពាក្យថា គិតមកទល់ពេលនេះ ខ្ញុំនៅតែរំភើបស្ទើររកអ្វីប្រៀបផ្ទឹមគ្មាន។
តារាសម្តែង លោក គន់ រៀមរតនៈ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកអំឡុងពេលថតជាមួយ សម្ដេចទាំង២ថា រំភើបចិត្តពេក ដេកមិនលក់ ដេកមើលរូបទាំងអស់ហ្នឹង ចង់មួយលានដងហើយ នៅតែមើលមិនឆ្អែត ព្រោះថា គឺជាឱកាសមួយដ៏កម្រសម្រាប់សាមញ្ញជនដូចរូបខ្ញុំ។ អ្នកខ្លះគេសើច គេពេបជ្រាយ គេថាខ្ញុំអួត ក៏សូមអញ្ជើញថាតាមចិត្តអស់លោកអ្នកនាងកញ្ញា ចង់ចុះ…។
លោក គន់ រៀមរតនៈ បានបញ្ជាក់ថា ព្រោះថា អស់លោក អ្នកនាងកញ្ញា អ្នកសើចពេបជ្រាយខ្ញុំទាំងអស់នោះ អ្នកខ្លះស្ទើរពេញមួយជីវិត ជិតងាប់ទៅវិញទៅហើយ មិនទាន់ដែលបានឃើញព្រះ ភក្ត្រលោកទាំង២ផ្ទាល់ម្តងផង សូម្បីស្រមោល។ អរគុណណាស់បងស្រី Chanlakhena Chorn ប្រធានសមាគមសិល្បករខ្មែរ បើគ្មានវត្តមានបងស្រីជាប្រធានសមាគមសិល្បករខ្មែរទេ ម្ល៉េះពេញមួយជីវិតខ្ញុំនេះគ្មានវាសនាមហាកិត្តិយសទាំងអស់នេះទេ។
សូមគោរពជូនពរ សម្ដេចទាំងទ្វេ និងក្រុមគ្រួសារបងស្រីប្រធានសមាគមសិល្បករខ្មែរ ក្រុមគ្រួសារ សិល្បករ-សិល្បការិនីគ្រប់ជំនាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស សូមទទួលបាននូវសុខភាពល្អបរិបូណ៌រឹងមាំ និងមហាជោគជ័យគ្រប់ភារកិច្ចការងារ។ នេះជាការលើកឡើងបន្ថែមរបស់ លោក គន់ រៀមរតនៈ ហៅ ចែរ៉ូហ្សា។
សូមបញ្ជាក់ថា ការលើកឡើងរបស់តារាសម្តែង លោក គន់ រៀមរតនៈ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីបានជួប និងថតរូបភាពអនុស្សាវរីយ៍ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា វប្បធម៌ជាតិ៣មិនា លើកទី២១ និងទទួលទានអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ-សិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីល្ងាចថ្ងៃទី០៦មិនា៕
Source: Kampuchea Thmey Daily
0 Comments