ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងមានការខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនប្រសិនបើរបាយការណ៍ដែលថាការងារកំពុងដំណើរការដើម្បីស្ថាបនាឡើងវិញនូវទីតាំងរ៉ុក្កែតរយៈចម្ងាយឆ្ងាយគឺជាការពិតមែននោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោក ត្រាំ បាននិយាយថា “វាឆាប់ពេកក្នុងការសន្និដ្ឋានថាតើព័ត៌មានអំពីការងារនៅទីតាំងរបស់កូរ៉េខាងជើងគឺជាការពិតមែនឬអត់”។
លោកត្រាំនិងលោកគីមបានជួបគ្នាកាលពីសប្តាហ៍មុននៅប្រទេសវៀតណាមដើម្បីចរចាស្តីពីការកម្ចាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប៉ុន្តែកិច្ចប្រជុំកំពូលនោះបានបញ្ចប់ទៅមុនពេលកំណត់ដោយគ្មានការរីកចម្រើនណាមួយឡើយ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការកសាងឡើងវិញនូវទីតាំងនេះបានចាប់ផ្តើមចាប់តាំងពីកិច្ចប្រជុំមកឬប្រហែលជាបានចាប់ផ្តើមមុនកិច្ចប្រជុំនៅប្រទេសវៀតណាមទៅទៀត។
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ទីតាំងនេះមិនមានសកម្មភាពទេចាប់តាំងពីខែសីហាឆ្នាំ២០១៨មកហើយសកម្មភាពនាពេលបច្ចុប្បន្ននេះគឺមានចេតនានិងមានគោលបំណង”។
លោកគីមបានព្រមព្រៀងបិទទីតាំងសាកល្បងមីស៊ីល Sohae នៅឯកិច្ចប្រជុំកំពូលមួយជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីនក្នុងទីក្រុងព្យុងយ៉ាងដែលជាផ្នែកមួយនៃវិធានការកសាងទំនុកចិត្តហើយរូបភាពផ្កាយរណបកាលពីខែសីហាបានបង្ហាញថា កម្មករបានរុះរើជើងទម្រធ្វើតេស្តម៉ាស៊ីននៅទីតាំងនោះរួចទៅហើយ។
ប៉ុន្តែ CSIS បាននិយាយថា សកម្មភាពសាងសង់ឥឡូវនេះគឺមានភាពជាក់ស្តែងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ដែលជាកន្លែងទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបនៅក្នុងឆ្នាំ២០១២និងឆ្នាំ២០១៦។
ក្រោយមក កូរ៉េខាងជើងត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការបាញ់បង្ហោះដោយសារតែបច្ចេកវិទ្យាខ្លះរបស់វាគឺស្រដៀងទៅនឹងមីស៊ីលឆ្លងទ្វីបឬ ICBM៕ AFP
Source: Kampuchea Thmey Daily
0 Comments