បាត់ដំបង ៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិតចោលកូន និងក្រុមគ្រួសារ ព្រោះតែកម្ដៅ នៃការជម្លោះនៅក្នុងគ្រួសារ ជាហេតុដែលបានផ្តើមឡើង ទើបស្ត្រីរងគ្រោះបានសម្រេចចិត្តទាំងយប់រំលងអធ្រាត្រធ្វើអត្តឃាតខ្លួនឯង ដោយផឹកថ្នាំបាញ់ស្មៅ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង មិនអាចសង្គ្រោះបានទាន់ពេល។
ករណីស្ត្រីម្នាក់ធ្វើអត្តឃាតខាងលើនេះ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមកថា បានកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ឋិតត្រង់ចំណុចភូមិអូរសំរិល ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឡូង សុភាព ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានផឹកថ្នាំបាញ់ស្មៅ ដែលមានឥទ្ធិពលខ្ពស់ ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
តាមសម្ដីអ្នកជិតខាងបានឲ្យសមត្ថកិច្ចដឹងថា មុនកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះបានទាស់ទែងសម្ដីគ្នាពិតប្រាកដមែន តែអ្នកជិតខាង ក៏មិននឹកស្មានថា ការទាស់ទែងក្នុងក្រុមគ្រួសារស្ត្រីរងគ្រោះលើកនេះមិនគួរឈានដល់ចំណុចបញ្ចប់ជីវិតបែបនេះសោះ ព្រោះថា ក្រោយឈ្លោះប្រកែកគ្នា ស្ត្រីរងគ្រោះធ្វើកិច្ចការផ្ទះធម្មតាដូចសព្វមួយដង អ្វីក៏ស្ត្រីរងគ្រោះមិននិយាយ ចំណុចដែលគួរឲ្យសង្ស័យគឺដល់វេលាខាងលើ ដែលជាពេលស្ងាត់ផងនោះ ស្ត្រីរងគ្រោះ ក៏បានយកថ្នាំបាញ់ស្មៅដែលទំនងជាបានរៀបចំជាស្រេចមកផឹក ក៏បណ្តាលឲ្យស្លាប់តែម្តង ដោយជួយសង្គ្រោះមិនទាន់ ព្រោះថ្នាំបាញ់ស្មៅនោះ ជាប្រភេទថ្នាំដែលមានឥទ្ធិពលខ្លាំងពីប្រទេសថៃផង។
ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ច ក៏បានចុះពិនិត្យលើសាកសពរកឃើញថា ស្ត្រីរងគ្រោះពិតជាបានផឹកថ្នាំបាញ់ស្មៅអស់ចំនួនច្រើន ទើបមិនអាចជួយសង្គ្រោះបាន។ ក្រោយការពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពដល់ក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments