Ad Code

សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona និយាយ​ថា លោកស្រី​ត្រូវ​បាន​គេ​ចាប់​រំលោភ​ ខណៈ​បម្រើការ​នៅក្នុង​កងទ័ពអាកាស



សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona លោកស្រី Martha McSally ដែលជា​ស្ត្រី​ទីមួយ​ដែល​បាន​បើក​យន្តហោះ​ក្នុង​សមរភូមិ​សម្រាប់​កងទ័ពអាកាស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោកស្រី​ត្រូវបាន​រំលោភ​ដោយ​មន្ត្រីជាន់ខ្ពស់​ម្នា​ក់ខ​ណៈ​ពេល​កំពុង​បម្រើ​ការងារ។

លោកស្រី McSally អាយុ​៥២​ឆ្នាំ​ដែល​បាន​ចំណាយពេល​២៦​ឆ្នាំ​នៅក្នុង​កងទ័ពអាកាស​និង​ជា​បញ្ជាការ​កងអនុសេនាធំ​បានបង្ហាញ​ពី​ការរំលោភបំពាន​នេះ​នៅក្នុង​សុន្ទរកថា​ដ៏​ក្តុកក្តួល​មួយ​អំឡុង​សវនាការ​របស់​អនុគណៈកម្មាធិការ​សភា​ស្តីពី​ការរំលោភ​ផ្លូវភេទ​នៅក្នុង​ជួរ​យោធា។

លោកស្រី McSally បាន​និយាយថា “​ខ្ញុំ​ក៏​ជា​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​ក្នុង​យោធា​ដែរ​ប៉ុន្តែ​មិន​ដូចជា​ជនរងគ្រោះ​ដែល​ក្លាហាន​ដទៃទៀត​ទេ ខ្ញុំ​មិនបាន​រាយការណ៍​ពី​ការរំលោភ​ផ្លូវភេទ​ឡើយ​”​។ លោកស្រី​បន្តថា “​ដូចជា​ស្ត្រី​និង​បុរស​ជាច្រើន​ទៀត​ដែរ នៅពេលនោះ ខ្ញុំ​មិន​ជឿទុកចិត្ត​លើ​ប្រព័ន្ធ​នេះ​ទេ​។ ខ្ញុំ​បាន​បន្ទោស​ខ្លួនឯង​។ ខ្ញុំ​ខ្មាស់អៀន​និង​យល់ច្រឡំ​។ ហើយ​ខ្ញុំ​គិតថា ខ្ញុំ​ខ្លាំង​ប៉ុន្ដែ​មាន​អារម្មណ៍​ថា​គ្មាន​អំណាច”។

លោកស្រី McSally ដែល​ធ្លាប់​បម្រើការ​នៅ​ទ័ពអាកាស​រហូតដល់​ឆ្នាំ​២០១០​ហើយ​បាន​ចូលនិវត្តន៍​ជាមួយនឹង​ឋានៈ​ជា​វរសេនីយ៍ឯក​បាន​និយាយថា លោកស្រី​បាន​លាក់បាំង​អំពី​ការវាយប្រហារ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

លោកស្រី​បាន​និយាយថា “​ប៉ុន្តែ​ក្រោយមក​ក្នុង​អាជីព​របស់ខ្ញុំ នៅពេលដែល​យោធា​ជួបប្រទះ​រឿងអាស្រូវ​និង​ការឆ្លើយតប​យ៉ាង​ពេញលេញ​របស់​ពួកគេ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​ឲ្យ​អ្នកខ្លះ​ដឹងថា ខ្ញុំ​ក៏​ជា​អ្នក​នៅ​រស់រានមានជីវិត​ម្នាក់​ដែរ​”​។​

លោកស្រី McSally បាន​ចាញ់​ការប្រកួតប្រជែង​មួយ​ក្នុង​ខែវិច្ឆិកា​ក្រោម​ថ្វីដៃ​របស់​អ្នកប្រជាធិបតេយ្យ Kyrsten Sinema ប៉ុន្តែ​ក្រោយមក​ត្រូវបានតែងតាំង​ដោយ​អភិបាលរដ្ឋ Arizona ដើម្បី​ជំនួស​កៅអី​របស់លោក John McCain ដែល​បានទទួល​មរណៈភាព​កាលពី​ខែសីហា។

លោកស្រី​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកួតប្រជែង​សម្រាប់​តំណែង​ព្រឹទ្ធសភា​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ ២០២០​ហើយ​ប្រហែលជា​ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ប្រឆាំងនឹង​អតីត​អវកាសយានិក​និង​ជា​អតីត​ទាហានជើងទឹក​អាមេរិក​ជើងចាស់​លោក Mark Kelly ដែល​កំពុង​ស្វែងរក​ការតែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu