Ad Code

ផ្ដន្ទាទោស​ជន​ឆាត​សុំ​ស្នេហ៍​តាម​ហ្វេ​ស​បុក​មិនបាន​ ដាក់​ពន្ធនាគារ​១៨​ខែ​



​ភ្នំពេញ​ ៖ បុរស​ម្នាក់ ​ដែល​ជាប់ចោទ​ពីបទ​គំរាមកំហែង​ថា ​នឹង​សម្លាប់ និង​បរិហារកេរ្តិ៍ ​ជា​សាធារណៈ ក្នុង​រឿង​ឆាត​សុំ​ស្រលាញ់​ស្ត្រី​រងគ្រោះ​ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មិនបាន​សម្រេច ត្រូវ​បាន​ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៩​មីនា ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​២០​លាន​រៀល។​ ក្នុងករណី​ជន​ត្រូវ​ចោទ​មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​នេះ​ អាចប្ដឹង​ឧទ្ធរណ៍​បាន។​ ជន​បែក​ស្លុយ​នេះ ​ឈ្មោះ កន ដេ​ត អាយុ​២៩​ឆ្នាំ។​

រឿងក្ដី​នេះ​ ត្រូវបាន​តុលាការ​កាត់ទោស កាលពី​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៩ និង​បាន​លើក​ពេល​មក​ប្រកាស​សាលក្រម​នា​រសៀល​នេះ។​

សវនាការ​នោះ​មាន​ លោក​ តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ និង​លោក ស៊ិន វិ​រៈ ជា​តំណាង​អយ្យការ​។​

ក្នុង​សវនាការ​ជនជាប់ចោទ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ឆាត​សុំ​ស្រលាញ់​ជនរងគ្រោះ​តាម​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឆ្លើយតប ទើប​ធ្វើឲ្យ​ខ្លួន​ខឹងសម្បា ហើយក៏​គំរាម​សម្លាប់​តែម្តង​។​

ចំណែក​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ខ្លួន​ពុំដែល​ស្គាល់​បុរស​រូបនេះ​ទេ ហើយ​ខ្លួន​ក៏មាន​ប្តី​រួច​ដែរ ទើប​ខ្លួន​មិន​តប​ឆាត​បែប​ផ្ដេសផ្ដាស​បែបនេះ​។ ប៉ុន្តែ​បានធ្វើឲ្យ​ប្តី​យល់​ច្រឡំ រហូត​ចុះ​ចេញពីផ្ទះ។ ដូច្នេះ​ខ្លួន​មានការ​ខូចចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​បុរស​រូបនេះ ហើយ​ខ្លួន​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​។​

គួរ​បញ្ជាក់ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បុរស​រូបនេះ​កាលពី​ថ្ងៃទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​បាន​និយាយ​គំរាម តាម​ប្រព័ន្ធ បណ្តាញ​សង្គម​ប៉ុនប៉ង​សម្លាប់​ស្ត្រី​រងគ្រោះ ព្រោះ​មិនអាច​តាម​ស្រលាញ់​បាន។​

ពេល​ជនរងគ្រោះ​មិនបាន​ឆ្លើយតប ជនសង្ស័យ​នោះ បាន​សរសេរ​សារ​បង្ហោះ (comment/post) និង​បន្ត ផ្ញើ​សារ (messenger)​បន្ថែមទៀត ក្នុងន័យ​តាម​ស្រឡាញ់​ទៅ​រំខាន​ច្រើនដង រហូត​ជនរងគ្រោះ បាន​ប្លុក​គណនី (Block) តាម​រំខាន​សុំ​ស្រឡាញ់​នោះ ដែល​បណ្តាលឲ្យ​ជនសង្ស័យ​រូបនោះ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ហើយ​បាន​និយាយ​គំរាម​ថា​នឹង​តាម​ព្យាបាទ​ជា​រៀង​រហូត។​

ជនសង្ស័យ កន ដេ​ត បាន​បង្កើត​គណនី​ជាច្រើន​តាម​រំខាន និង​បាន​សរសេរ​អត្ថបទ​អសុរោះ ជេរ​ប្រមាថ បរិហារកេរ្តិ៍​ជនរងគ្រោះ ក្រុមគ្រួសារ មិត្តភ័ក្ដិ​ទាំងឡាយ និង​បាន​ផ្ញើ​សារ​ជា​សំឡេង គំរាម​ថា នឹង​សម្លាប់​ជនរងគ្រោះ​ផងដែរ។ អំពើ​គំរាម​កំហែង​តាម​សម្លាប់​នោះ បាន​នាំឲ្យ​មានការ​ប្តឹងទៅ​សមត្ថកិច្ច ដើម្បី​ចាត់​វិធានការណ៍ រាំង​ស្កាត់​ក្នុង​ការ​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu