ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា កម្ពុជាជាអ្នកបង្កើតសញ្ញាលេខសូន្យមុនគេបំផុតដែលពិភពលោកបានយកទៅប្រើប្រាស់ ហើយបានជួយលើកមុខមាត់ប្រទេសកម្ពុជាកាន់តែល្បីរន្ទឺថែមទៀតនៅលើឆាកអន្តរជាតិ។
លោកសាស្ត្រា ប៉ាត់ ស៊ុយគ្រី ប្រធានក្រុមអ្នកស្រាវជ្រាវស្ម័គ្រចិត្តខ្មែរមានប្រសាសន៍ថាយោងតាមប្រវត្តិសញ្ញាលេខសូន្យដែលដូនតាខ្មែរដែលបានបង្កើតឡើងតាំងពីសតវត្សរ៍ទី៧នេះបានជួយជំរុញដល់ផ្នែកវិទ្យាសាស្ត្ររបស់ពិភពលោកមានការរីកចម្រើនតាំងពីសម័យមុនរហូតមកដល់សម័យបច្ចុប្បន្ននេះ។
ថ្លែងនៅក្នុងសន្និសីទស្តីពីប្រវត្តិគណិតវិទ្យានៃលេខសូន្យដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ លោកសាស្ត្រាចារ្យបានបន្តថា កាលជំនាន់នោះ គេមិនប្រើលេខទេគេប្រើសញ្ញាអក្សរសម្រាប់សំគាល់លេខ១០ ឬ លេខ៥០តែក្រោយមកបន្ទាប់ពីខ្មែរបានបង្កើតសញ្ញាលេខសូន្យនេះគេក៏បានយកទៅប្រើប្រាស់នៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ននេះ។
ចំណែកលោកបណ្ឌិតប្រធានដេប៉ាតឺម៉ង់សាស្ត្រាចារ្យសិលាចារឹកនិងប្រវត្តិសាស្ត្រខ្មែរនិងអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា លេខសូន្យនេះគឺសម្រាប់ប្រើប្រាស់ក្នុងការកត់ត្រាសំគាល់ឆ្នាំមហាសករាជដែលកើតក្រោយគ្រឹះសករាជ៧៨ឆ្នាំ ដោយមិនបានយកមកសម្រាប់កត់ត្រាលេខនោះទេ។
លោកបណ្ឌិតបានណែនាំដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំធ្វើការសិក្សាស្រាវជ្រាវនិងបង្កើតនូវអ្វីដែលថ្មីៗបន្តពីដូចតាជំនាន់មុនដែលបានបង្កើតសញ្ញាលេខសូន្យសម្រាប់ប្រើប្រាស់នៅលើពិភពលោកដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានអរិយធម៌រុងរឿងឈានមុខគេនៅលើពិភពលោក។
សូមរំលឹកថា សញ្ញាលេខសូន្យនេះត្រូវបានចារទុកនៅលើសិលាចារិក K127ជាអក្សរខ្មែរបុរាណក្នុងមហាសករាជ៦០៤ត្រូវនឹងគ្រឹះសករាជ៦៨២នាសតវត្សរ៍ទី៧ដែលគេបានរកឃើញនៅលើបំណែកមេទ្វារប្រាសាទនៅស្រុកសម្បូរខេត្តក្រចេះនៅក្នុងគ្រឹះសករាជ១៨៩១ដែលជាលេខដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក។
បច្ចុប្បន្ននេះសិលាចារិកK127នេះត្រូវបានយកមករក្សាទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញដើម្បីដាក់តាំងបង្ហាញជូនឲ្យសាធារណជននិងអ្នកស្រាវជ្រាវបានឃើញនិងស្គាល់ពិសេសតាមបំណងប្រាថ្នារបស់លោកសាស្ត្រាចារ្យអាមៀ អាក់ស៊ែលដែលបានខិតខំសិក្សាស្រាវជ្រាវលេខសញ្ញាសូន្យនេះពីប្រទេសមួយទៅប្រទេសមួយរហូតបានរកឃើញសិលាចារិកនេះនៅប្រទេសកម្ពុជាហើយបានបង្ហាញសិលាចារិកនេះទៅកាន់ពិភពលោកបានស្គាល់នៅក្នុងខែមេសាឆ្នាំ២០១៣កន្លងទៅ។
គួរបញ្ជាក់ថា សន្និសីទស្តីពីប្រវត្តិគណិតវិទ្យានៃលេខសូន្យធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងលើការអប់រំគណិតវិទ្យា ប្រវត្តិនិងការវិវត្តន៍គណិតវិទ្យា ការលើកកម្ពស់គណិតវិទ្យានិងជំរុញវប្បធម៌គណិតវិទ្យា៕
Source: Kampuchea Thmey Daily
0 Comments